(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ នៅខេត្តភាគឦសាន ប្រទេសថៃ មុនទៅបាញ់សម្លាប់គ្រួសារខ្លួនឯង ហើយធ្វើអត្តឃាតតាមក្រោយ។
* តើគេដឹងអ្វីខ្លះពីហេតុការណ៍បាញ់ប្រហារនេះ
បើតាមមន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) ដំបូងឡើយ ខ្មាន់កាំភ្លើង បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ទើបបាញ់សម្លាប់ប្រពន្ធកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ ក៏រួមមានក្មេងៗដល់ទៅ ២៣នាក់។ ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន រីឯអ្នកនៅក្នុងតំបន់ផ្ទាល់ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ។
នៅក្នុងការវាយប្រហារដ៏រន្ធត់នេះ ខ្មាន់កំាភ្លើងរូបនេះមានប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ព្រមទាំងកាំភ្លើង Shot Gun មួយដើម និងកំាបិតមួយផងដែរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឱ្យច្បាស់ដែលនាំឱ្យខ្មាន់កាំភ្លើងខាងលើ ប្រព្រឹត្តទង្វើដ៏សាហាវយង់ឃ្នងនេះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ តែប៉ូលិសថៃបានធ្វើការសន្និដ្ឋានបឋមថា អាចមកពីឥទ្ធិពលគ្រឿងញៀន។
* តើធ្លាប់មានករណីបាញ់ប្រហារទ្រង់ទ្រាយធំបែបនេះ នៅថៃ ដែរឬទេ?
អំពើហិង្សាដោយកំាភ្លើង ត្រូវបានគេមើលឃើញថាជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលជាប្រទេសជាប់លេខ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអ្នកស្លាប់ដោយសារកាំភ្លើងច្រើន បន្ទាប់ពីហ្វីលីពីន។ ប៉ុន្តែក្រុមអ្នកជំនាញថៃ បានអះអាងថា អាវុធខុសច្បាប់ត្រូវបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ ជាជាងធ្វើអត្តឃាតខ្លួនឯង។ តួយ៉ាងកាលពីឆ្នាំ២០២០ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងបង្កឱ្យរបួសចំនួន៥៧នាក់ ក្នុងរយៈពេលជាច្រើនម៉ោង មុនពេលសកម្មភាពបាញ់ប្រហារបានបញ្ចប់ ទៅវិញ ក្រោយខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបាញ់សម្លាប់។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទាហានថៃម្នាក់នៅមូលដ្ឋានទ័ពមួយក្នុងរដ្ឋធានីបាងកក បានបាញ់សម្លាប់មនុស្ស២នាក់ និងមនុស្សម្នាក់រងរបួស។
បើតាមរបាយការណ៍ចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ នៅក្នុងប្រទេសថៃ មានកាំភ្លើងជាង៤លានដើមមិនត្រូវបានចុះបញ្ជីត្រឹមត្រូវ ហើយ៦លានដើមបានចុះបញ្ជី។ របាយការណ៍ដដែល ក៏បានឱ្យដឹងដែរថា ការលក់កាំភ្លើងក្នុងតម្លៃថោក នៅលើប្រព័ន្ធអនឡាញ វាបានផ្ដល់ភាពងាយស្រួលដល់ប្រជាជនទូទៅ ក្នុងការស្វែងរកការទិញកំាភ្លើង ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យដ៏តឹងរ៉ឹង៕