(វ៉ាស៉ីនតោន)៖ ភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ជឿថារដ្ឋាភិបាលអ៊ុយក្រែនមានចំណែកក្នុងការអនុញ្ញាត ឲ្យមានការវាយប្រហារដោយគ្រាប់បែកលើរថយន្តមួយគ្រឿង នៅជាយក្រុងមូស្គូកាលពីខែសីហា ដែលបានសម្លាប់នាង ដារីយ៉ា ដូហ្គីណា (Darya Dugina) ត្រូវជាកូនស្រីរបស់អ្នកជាតិនិយមរុស្ស៉ីដ៏លេចធ្លោម្នាក់។ នេះបើយោងតាមដកស្រង់ផ្សាយចេញពីសារព័ត៌មាន ញូយ៉ក ថែមស៍ (New York Times) នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

សេចក្តីរាយការណ៍របស់កាសែត New York Times នៅថ្ងៃពុធសប្តាហ៍នេះ គឺផ្អែកតាមការវាយតម្លៃដ៏ស្មុគស្មាញលើការចោទប្រកាន់ចំពោះរដ្ឋាភិបាលអ៊ុយក្រែន ដែលត្រូវបានផ្តល់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

ក្រុមមន្រ្តីអាមេរិកដែលបានបង្ហើបពីរបាយការណ៍ស៉ើបការណ៍សម្ងាត់នេះ មិនបានលម្អិតអំពីមូលហេតុឬនរណាជាអ្នកបញ្ជាឲ្យមានសកម្មភាពនេះទេ។ ប៉ុន្តែបាននិយាយថា ដោយសារតែខ្វះកិច្ចសហការផ្តល់ព័ត៌មានពេញលេញ ពីរដ្ឋបាលទីក្រុងកៀវ ដែលរួមទាំងយោធា ទីភ្នាក់ងារសន្តិសុខ និងការិយាល័យរបស់លោក ហ្សេលេនស្គី អាចជាមូលហេតុដែលថារដ្ឋាភិបាលអ៊ុយក្រែនមិនបានដឹងអំពីផែនការនេះ។

គួរបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍នេះ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) បានចេញមកបដិសេធចំពោះការចោទប្រកាន់ ដូចនៅពេលកើតហេតុភ្លាមៗដែរ។ កន្លងមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី បានឲ្យដឹងថា ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ដែលបានជួលផ្ទះក្នុងអាផាតមិន ដែលនាង Dugina រស់នៅ គឺជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ។ ក្រោយមកស្រ្តីអ៊ុយក្រែនរូបនេះបានភៀសខ្លួនចេញពីប្រទេសរុស្ស៊ី៕