(កៀវ)៖ អភិបាលតំបន់ហ្សាប៉ូរ៉ិចហ្សៀ (Zaporizhzhia) លោក អូឡេកសាន់ដឺ ស្តារូក (Oleksandr Starukh) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាញ់ផ្លោងបន្តបន្ទាប់ពីសំណាក់កងកម្លាំងរុស្ស៉ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ កំលុងវេលាយប់កន្លងទៅ នៅក្នុងទីក្រុង Zaporizhzhia ដោយបានបង្កការខូចខាត ឬបំផ្លាញអគារលំនៅដ្ឋានជាច្រើន ហើយបង្កជាអគ្គិភ័យផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
តាមរយៈ Telegram លោក ស្តារូក បានសរសេរថា ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងការបាញ់ផ្លោងខាងលើនេះ ខណៈម្នាក់ទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយកាវាយប្រហាររបស់រុស្ស៉ីចំនួន៧លើកមកលើតំបន់នេះ។ យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់ស្ថិតក្រោមគំនរបែកបាក់នៃអគារ ហើយមនុស្សជាច្រើនត្រូវបានជួយសង្រ្គោះ។ ចំណែកប្រតិបត្តិការសង្រ្គោះកំពុងបន្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាដល់កងកម្លាំងរដ្ឋរុស្ស៊ី ឲ្យដណ្តើមគ្រប់គ្រងទាំងស្រុង នូវរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែនមួយនេះ។ Zaporizhzhia គឺជាតំបន់មួយក្នុងចំណោមតំបន់អ៊ុយក្រែនទាំង៤ ដែលរុស្ស៊ីប្រកាសថាជាទឹកដីរបស់ខ្លួន៕