(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារ ស្លាប់មនុស្សប្រហែល៣៤នាក់ នៅខេត្តភាគឦសានប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ គឺបានទៅសម្លាប់គ្រួសារខ្លួនថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
មន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលជាអតីតមន្រ្តីប៉ូលិសម្នាក់ផងដែរ បានធ្វើដំណើរទៅផ្ទះ ហើយសម្លាប់ប្រពន្ធព្រមទាំងកូនរបស់ខ្លួន បន្ទាប់ពីការបាញ់ប្រហារ នៅមជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang)។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ គឺរួមមានក្មេងៗដល់ទៅ២៣នាក់។
គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មនុស្សស្លាប់រង្គាលបែបនេះ គឺជារឿងដែលកម្រកើតមាននៅក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២០ ទាហានថៃម្នាក់ បានបាញ់សម្លាប់មនុស្ស២៩នាក់ និងបង្កឱ្យរបួសចំនួន៥៧នាក់ ក្នុងរយៈពេលជាច្រើនម៉ោង មុនពេលសកម្មភាពបាញ់ប្រហារបានបញ្ចប់ទៅវិញ ក្រោយខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបាញ់សម្លាប់៕