(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយថៃ នាថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោច៣០នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ នៅភាគឦសាននៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។

ខាងប៉ូលិសថៃបានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះរាប់សិបនាក់ ដែលបានស្លាប់ គឺមានទាំងមនុស្សពេញវ័យ ហើយនិងក្មេងតូចៗ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើងនិងកាំបិត បានសម្រុកចូលមជ្ឈមណ្ឌលមើលថែទាំកុមារមួយកន្លែង ស្ថិតនៅខេត្ត ណងបួលាំភូ (Nong Bua Lamphu) របស់ប្រទេសថៃ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើ ត្រូវគេជឿថាជាអតីតមន្រ្តីប៉ូលិស ហើយបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណៈនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាព ដើម្បីតាមប្រមាញ់​ចាប់ខ្លួនជនសង្ស័យឱ្យបានឆាប់៕