(ណៃពិដោរ)៖ តុលាការមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដឹកនាំដោយរបបយោធា បានផ្តន្ទាទោសផលិតករខ្សែភាពយន្តឯកសារជាជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារ ១០ឆ្នាំ ដោយចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងការបះបោរ និងទូរគមនាគមន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
លោក តូរុ គូបូតា (Toru Kubota) មានអាយុ ២៦ឆ្នាំ ត្រូវបានអាជ្ញាធរនៃរបបសឹកមីយ៉ាន់ម៉ាចាប់ឃុំខ្លួន កាលពីខែកក្កដាកន្លងទៅ កំលុងពេលកំពុង ផ្ដិតយករូបភាពនៅឯបាតុកម្មតវ៉ាមួយក្នុងទីក្រុងយ៉ាងហ្គន (Yangon)។ កាលពីដំបូងឡើយលោក គូបូតា ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ អន្តោប្រវេសន៍ និងញុះញុងឱ្យមានការប្រឆាំងនឹងការដឹកនាំរបស់របបយោធា។
ការផ្តន្ទាទោសផលិតករខ្សែភាពយន្ដជប៉ុនរូបនេះដាក់ពន្ធនាគារ១០ឆ្នាំ បានធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយលោក គូបូតា ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទបះបោរ និង ៧ឆ្នាំ ពីបទបំពានច្បាប់ស្ដីទូរគមនាគមន៍អេឡិចត្រូនិក។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានជប៉ុនស្ម័គ្រចិត្តម្នាក់ ក៏ធ្លាប់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនដែរ កាលពីឆ្នាំ២០២១ ក្រោមបទចោទប្រកាន់ថាបាន ចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងបាតុកម្មតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។ តែក្រោយមក របបសឹកមីយ៉ាន់ម៉ា បានដោះលែងអ្នកសារព័ត៌មាន រូបនេះ ដោយអះអាងថាការដោះលែងនេះគឺឆ្លុះបញ្ចំងពីទំនាក់ទំនងជិតស្និទ្ធរវាងមីយ៉ាន់ម៉ា និងជប៉ុន៕