(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយរំពឹងថាស្ថានការណ៍នឹងមានស្ថិរភាព នៅក្នុងតំបន់ដែលរុស្ស៉ីទើបតែកាត់យក ពីអ៊ុយក្រែនដោយខុសច្បាប់ ខណៈកងទ័ពអ៊ុយក្រែន នៅតែបន្តភាពជឿនលឿនទៅមុខ ដោយវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទីក្រុង និងភូមិ សំខាន់ៗជាច្រើន នៅភាគខាងត្បូង និងខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
ថ្លែងទៅកាន់ក្រុមគ្រូបង្រៀនរុស្ស៉ី នៅក្នុងសុន្ទរកថាជាវីដេអូមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ថា «យើងកំពុងធ្វើការជាមួយការរំពឹងថាស្ថានការណ៍នៅក្នុងទឹកដីថ្មីៗនឹងមានស្ថិរភាព»។ បន្ថែមពីលើនេះ លោក ពូទីនបញ្ជាឱ្យ កងទ័ពរបស់លោកគ្រប់គ្រងទាំងស្រុងលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន នៅក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា ដែលរុស្ស៉ីកំពុងគ្រប់គ្រង ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធដដែលនោះដែរ លោក ពូទីន បានចុះហត្ថលេខាជាផ្លូវការហើយលើការបញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ក្នុងនោះរួម មានខឺសុន ហ្សាប៉ូរីសហ្ស៉ីយ៉ា ដូណេត និងលូហាន ជាឧបសម្ព័ន្ធរបស់រុស្ស៉ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា រុស្ស៉ីនឹងដណ្ដើមយកទឹកដីដែលអ៊ុយក្រែន ទើបតែវាយយកមកវិញ ជាមួយការសន្យាដែរថាទឹកដីទាំងនោះនឹងក្លាយជារបស់រុស្ស៉ី ជារៀងរហូត គ្មានថ្ងៃប្រគល់ឱ្យវិញនោះទេ។ ចំណែកឯ សហភាពអឺរ៉ុបក៏បានយល់ព្រមទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៉ីផងដែរ៕