(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បាននិយាយថាតៃវ៉ាន់នឹងមិនពឹងផ្អែកលើប្រទេសដទៃ ដើម្បីការពារខ្លួនឯងនោះទេ ខណៈស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខតៃវ៉ាន់ នៅក្នុងបរិបទដែលលោកស្រីផ្ទាល់ចាត់ទុកថាចិនកំពុងទន្ទ្រានលើ អធិបតេយ្យភាពនៃដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោកស្រី សៃ ធ្វើឡើងនៅក្នុងវីដេអូថតទុកមួយផ្ញើទៅកាន់វេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ រៀបចំឡើយដោយវិទ្យាស្ថាន Global Taiwan Institute និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីកាលពីខែកញ្ញា កន្លងទៅថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារណាមួយពីចិន។
ថ្លែងនាឱកាសនោះ លោកស្រី សៃ បានអរគុណយ៉ាងខ្លាំងដល់រដ្ឋបាលលោក ចូ បៃដិន និងសភាទាំង២ របស់សហរដ្ឋអាមេរិកដែលបានរក្សា ការប្ដេជ្ញាចិត្តចំពោះសន្តិសុខតៃវ៉ាន់។ ក៏ប៉ុន្តែ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនពឹងផ្អែកលើប្រទេសដទៃ ឱ្យចូលមកជួយការពារ ពួកយើងឡើយ...ហើយនេះគឺជាអ្វីខ្ញុំចង់ប្រាប់ឡើងវិញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តយ៉ាងលេញ ដើម្បីការសន្តិសុខ និងប្រជាធិបតេយ្យដែលជា មាគ៌ាជីវិតរបស់ពួកយើង»។
គួរបញ្ជាក់ថា ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែខេត្តមួយរបស់ខ្លួន ត្រូវបានគេរាយការណ៍នៅតែបន្តធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់ទីក្រុងតៃប៉ិ កាលពីខែសីហាមក៕