(ឡុងដ៍)៖ ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក វ្ល៉ាឌីមៀ ពូទីន និងបរាជ័យរបស់កងទ័ពរុស្ស៉ីនៅអ៊ុយក្រែន នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បាន និងកំពុងក្លាយជា ការធ្វើតេស្ដមួយលើ «សម្ព័ន្ធភាពយុទ្ធសាស្ត្រ» រវាងលោក ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ពោលគឺថាតើសម្ព័ន្ធភាពដែលលោក ពូទីន និងលោក ស៊ី ជិនពីង អះអាងថាជា «ទំនាក់ទំនងមិត្តភាពគ្មានព្រំដែន»នោះ នឹងមានភាពរឹងមាំដល់កម្រិតណា ប្រសិនបើលោក ពូទីន ពិតជាសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរមែននោះ?

នៅពេលលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក្រុមអ្នកជំនាញលោកខាងលិចយល់ថាលោក ពូទីន រំពឹងថារុស្ស៉ី​អាចនឹងផ្ដួល រំលំរដ្ឋាភិបាលលោក ហ្សេលេនស្គី ក្នុងពេលខ្លីដែលនេះអាចនឹងធ្វើឱ្យណាតូ និងសហរដ្ឋអាមេរិកចុះទន់ខ្សោយ ហើយសង្រ្គាមប្រូកស៊ី (proxy war) នឹងបង្វែរការចាប់អារម្មណ៍ របស់ទីក្រុងវ៉ាស៊ីនតោន ពីការប្រជែងជាមួយចិននៅក្នុងតំបន់អាស៊ី ដែលនេះក៏ជាអ្វីដែលលោក ស៊ី ជិនពីងចង់បានដែរ។ ក៏ប៉ុន្តែ ជ័យជម្នះជាបន្តបន្ទាប់របស់អ៊ុយក្រែននៅក្នុង តំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស គួបផ្សំជាមួយការសម្លុតគំរាមប្រើនុយក្លេអ៊ែរ ព្រមទាំងការកាត់យកទឹកដីអ៊ុយក្រែនដោយខុសច្បាប់ដោយ លោក ពូទីន វាបែរជាកំពុងធ្វើឱ្យលោក ស៊ី ជិនពីង ស្ថិតនៅលើគោលជំហរមួយដ៏លំបាកទៅវិញ។

ក្នុងន័យនេះ ទោះបីជាលោក ពូទីន បានត្រឹមតែសម្លុតគំរាម ឬប្រើអាវុធនុយក្លេអ៊ែរពិតមែនក៏ដោយ ក៏លោក ស៊ី ជិនពីងត្រូវតែចាត់ថាវា «ជាទង្វើមិនអាចទទួល​យកបាន» ឬក៏ ថ្កោលទោសដែរ ប្រសិនបើលោកចង់ធ្វើជាមេដឹកនាំពិភពលោកម្នាក់ប្រកបដោយការទទួលខុសត្រូវ និងរក្សាមុខមាត់ចិននៅលើឆាកអន្តរជាតិ។ តែទោះជាយ៉ាងណា រឿងចិននឹង ធ្វើបែបណា ក្នុងករណីលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែន វាគឺអាស្រ័យលើថាតើការប្រកាន់ជំហរបែបណា ទើបផ្ដល់ផលប្រយោជន៍ឱ្យចិន ហើយចិនក៏នឹងចាំអ៊ុត មើលសិនដែរថាតើសហគមន៍អន្តរជាតិទាំងមូលនឹងមានប្រតិកម្មបែបណា? ខណៈរយៈពេលវែង ទីក្រុងប៉េកាំងនៅតែត្រូវការរួមដៃជាមួយរុស្ស៉ី ដើម្បីកំញើញសហរដ្ឋអាមេរិក។

បើតាមក្រុមអ្នកជំនាញលោកខាងលិច លោក ស៊ី ជិនពីង ដែលត្រូវបានគេរំពឹងថានឹងត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ នៅឯសមាជ លើកទី២០ នៃគណបក្សកុម្មុយនិស្ដចិន នៅពាក់កណ្ដាលខែតុលានេះ គួរតែផ្ដោតការចាប់អារម្មណ៍របស់លោកលើការបញ្ចៀសសង្រ្គាមលោកលើកទី៣។ ពីព្រោះថាការប្រើអាវុធ នុយក្លេអ៊ែររបស់រុស្ស៉ីលើអ៊ុយក្រែន ដែលនឹងក្លាយជាការប្រើអាវុធដ៏ប្រល័យនេះជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី កាលពីខែសីហា ឆ្នាំ១៩៤៥ វាមិនត្រឹមតែអាចបង្កជាមហន្តរាយសកលប៉ុណ្ណោះទេ តែក៏អាចបំផ្លាញដល់ផលប្រយោជន៍រយៈពេលវែង និងមហិច្ឆតាភូមិសាស្ត្រ នយោបាយរបស់ចិនផងដែរ។

ដូច្នេះហើយ ទើបមួយរយៈកាលចុងក្រោយនេះ ទីក្រុងប៉េកាំងហាក់ដូចជាដកខ្លួនចេញឆ្ងាយបន្តិចពីការប្រើប្រាស់វោហាសាស្ត្រ «នៃទំនាក់ទំនងមិត្តភាពគ្មានព្រំដែន» ដោយងាក មកជំរុញឱ្យរុស្ស៉ីបន្ធូរបន្ថយភាពតានតឹង។ តួយ៉ាងលោក ស៊ី ជិនពីងផ្ទាល់ ត្រូវបានគេរាយការណ៍ថាបានបង្ហាញការមិនពេញចិត្តរបស់​លោកចំពោះ​បរាជ័យរបស់រុស្ស៉ី នៅពេល លោកបានជួបជាមួយលោក ពូទីន នៅឯកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន កាលពីពេលថ្មីៗ នេះ។ លោក ពូទីន បានទទួលស្គាល់ជាសាធារណៈពី «ការព្រួយបារម្ភរបស់ចិន» ពីសង្រ្គាមនៅអ៊ុយក្រែនដែលនេះ​ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថាជាការទទួលស្គាល់ ដ៏កម្រពីភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។

សង្រ្គាមរបស់លោក ពូទីន មិនត្រឹមតែមិនបានធ្វើឱ្យណាតូចុះទន់ខ្សោយនោះទេ​ តែបែរជារឹងមាំឡើង និងការរីកធំទៅវិញ ដោយហ្វាំងឡង់ និងស៊ុយអែតត្រូវបាន​អនុញ្ញាតឱ្យ ចូលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ ហើយសូម្បីតែបណ្ដាប្រទេសក្នុងតំបន់អាស៊ីដូចជាជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ក៏បាន​បង្ហាញការគាំទ្រ​កាន់តែខ្លាំងលើ គោលនយោបាយអាមេរិកចំពោះអ៊ុយក្រែនដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន រុស្ស៉ីខ្លួនឯងបែរជាបាន​បង្ហាញភាពទន់ខ្សោយខាងយោធា ហើយបើនៅតែ បែបនេះថាតើរុស្ស៉ីអាចជួយចិនក្នុងការប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកយ៉ាងដូចម្ដេចទៅ?

មួយវិញទៀត ប្រសិនបើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ុយក្រែនពិតមែន នោះសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំរបស់ចិន នឹងមានលេស​ដាក់​សម្ពាធ លើចិន ហើយវាក៏អាចនឹងជំរុញឱ្យបណ្ដាប្រទេសដទៃ ដែលមិនមានអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងមិនសូវល្អជាមួយចិនដូចជា ជប៉ុន កូរ៉េខាងត្បូង ឬក៏កោះតៃវ៉ាន់ នឹងធ្វើការសន្មត់ថាទាល់តែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ទើបពួកគេអាចធានាសុវត្ថិភាពខ្លួនឯងបាន។

ការកាត់យកទឹកដីអ៊ុយក្រែនដោយខុសច្បាប់ពីរុស្ស៉ី ក៏អាចនឹងបំផ្លាញ «គោលនយោបាយចិនតែមួយ» ចំពោះតៃវ៉ាន់ ដែលបណ្ដាប្រទេសភាគច្រើននៅលើ​ពិភពលោក​បាន ទទួលស្គាល់ផងដែរ។ ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបខាងកើត បានបង្ហាញពីទំនោរងាកទៅរកតៃវ៉ាន់ និងការសង្ស័យចំពោះគោលនយោបាយចិន​តែមួយរួច​ទៅហើយ។ ដូច្នេះ បើលោក ស៊ី ជិនពីង ដែលតែងតែអះអាងពីការគោរពគោលការណ៍ការពារបូរណភាពទឹកដី បន្តនៅស្ងៀមមិនអើពើក្នុងករណីលោក ពូទីន ប្រើអាវុធ​នុយក្លេអ៊ែរ ឬទទួលស្គាល់ ទឹកដីឧបសម្ព័ន្ធរបស់លោក ពូទីន នោះប្រទេសទាំងនោះអាចនឹងសម្រេចចិត្តបោះបង់ចោល​គោលនយោបាយចិន​តែមួយក៏ថាបាន។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២២ លោក ពូទីន បានចូលរួមជាមួយមេដឹកនាំចិន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយប្រកាសថាបើ «សង្រ្គាមនុយក្លេអ៊ែរ» ផ្ទុះឡើងនឹងគ្មាននរណាម្នាក់ឈ្នះឡើយ ហើយសង្រ្គាមបែបនេះក៏មិនគួរឱ្យវាកើតឡើងនោះដែរ។ ក្រុមអ្នកវិភាគភាគច្រើនយល់​ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធ នុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាម​កំ​ហែងតែប៉ុណ្ណោះ។

តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុង​ករណីអ៊ុយក្រែនអាចវាយបណ្ដេញ កងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពី អ៊ុយក្រែន»។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលា​ដ៏​គ្រោះ​ថ្នាក់បំផុត៕