(កៀវ)៖ ទីក្រុងកៀវនៅថ្ងៃពុធ ទី០៤ ខែតុលា បានប្រកាសពីភាពជ័យជម្នះបន្ថែមទៀត លើកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ខណៈដែលវិមានក្រឹមឡាំងបានប្តេជ្ញាដណ្តើមយកទឹកដី ដែលបាត់បង់ឡើងវិញ នៅក្នុងការវាយបកលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកម្លាំងរបស់អ៊ុយក្រែន ដែលគាំទ្រដោយអាវុធលោកខាងលិច បានវាយលុកទាហានរុស្ស៊ីចេញពីទីក្រុង និងភូមិជាច្រើននៅភាគខាងកើត និងភាគខាងត្បូងប្រទេស។
ទីក្រុងកៀវក្នុងសប្តាហ៍នេះ បានប្រកាសជ័យជម្នះនៅក្នុងតំបន់ Kherson ភាគខាងត្បូង និងបានគ្រប់គ្រងស្ទើរតែទាំងស្រុងនៃតំបន់ Kharkiv ភាគខាងកើត ដោយបើកផ្លូវសម្រាប់កងកម្លាំងរបស់ខ្លួន ចូលទៅក្នុងមូលដ្ឋានរឹងមាំ នៃក្រុមផ្តាច់ខ្លួនតំបន់ Lugansk។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដាក់បញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងនោះរួមទាំងតំបន់ Lugansk ផងដែរ ខណៈដែលសហភាពអឺរ៉ុបបានយល់ព្រម លើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូជាការឆ្លើយតប៕