(បាងកក)៖ នាថ្ងៃពុធនេះអាជ្ញាធរថៃ បានព្រមានអំពីលទ្ធភាព នៃការជន់លិចក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង នៅរាជធានីបាងកក ហើយនិងកន្លែងដទៃទៀត នៃតំបន់ភាគកណ្តាលប្រទេស ដោយសារតែការធ្លាក់ភ្លៀងយ៉ាងជោគជាំនារដូវមូសុង ត្រូវបានព្យាករថា នឹងនៅបន្តពេញមួយសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។
តាមពិតទៅ ទីក្រុងបាងកកបានរងការជន់លិចខ្លះៗ ចាប់តាំងពីតែពីថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ដោយសារតែការធ្លាក់ភ្លៀងខ្លាំង ប៉ុន្តែវាបានថមថយទៅវិញ នៅតាមតំបន់ភាគច្រើននៃទីក្រុង គិតត្រឹមវេលាព្រឹកថ្ងៃពុធនេះ។ ចំណែកនៅផ្នែកជាច្រើននៃប្រទេសថៃ គឺបាននិងកំពុងស្ថិតក្រោមការលិចលង់រួចស្រេច ចាប់តាំងពីសំណល់នៃព្យុះត្រូពិច ណូរូ (Noru) ដែលបានធ្វើដំណើរឆ្លងកាត់ហ្វីលីពីន និងវៀតណាម បោកបក់មកដល់ថៃ កាលពីកំលុងសប្តាហ៍ចុងក្រោយ នៃខែកញ្ញាកន្លងទៅនេះ។
ទីភ្នាក់ងារគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានអះអាងថា មកទល់ពេលនេះ ប្រជាជនច្រើនជាង៤១,០០០គ្រួសារ និងខេត្តយ៉ាងហោចចំនួន២២ នៅបន្តរងការប៉ះពាល់ដោយសារទឹកជំនន់នៅឡើយ ប៉ុន្តែស្ថានការណ៍ហាក់បានប្រសើរឡើង នៅតាមទីក្រុងមួយចំនួនតូច ដូចជាឆៀងម៉ៃជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើទស្សនកិច្ចទៅកាន់ខេត្ត ខនខែន (Khon Kaen) និងខេត្ត ឧបលរាជធានី (Ubon Ratchathani) ហើយបានសន្យាផ្តល់ជំនួយនិងប្រាក់ឧបត្ថម្ភដល់ប្រជាជន ដែលត្រូវបានជម្លៀសទៅកន្លែងជ្រកកោនសុវត្ថិភាព បន្ទាប់ពីទឹកទន្លេព្រះចន្ទ (Moon River) បានកើនឡើងខ្លាំង រហូតដល់បង្កការលិចលង់ក្នុងតំបន់៕