(តេហេរ៉ង់)៖ រញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ នៅភាគពាយព្យប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សជាង៥០០នាក់ ទទួលរងរបួស កាលពីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដែលភាគច្រើនរបួសស្រាល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២២។
អភិបាលប្រចាំតំបន់ លោក ម៉ាហាំម៉ាត់ សាដិច ម៉ូតាម៉េឌៀន (Mohammad Sadegh Motamedian) បានប្រាប់ទូរទស្សន៍រដ្ឋឲ្យដឹងថា ការរញ្ជួយដីបានវាយប្រហារក្នុងជម្រៅ១០គីឡូម៉ែត្រ ក្រោមផ្ទៃដី នៅខេត្តអាស៊ៃបៃហ្សង់ខាងលិច (West Azerbaijan) និងធ្វើឲ្យមនុស្សចំនួន ៥២៨នាក់បានរងរបួស ក្នុងនោះ១៣៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រញ្ជួយដីនេះក៏បានបង្កការខូចខាត ចំពោះផ្ទះចំនួន៥០០ខ្នងផងដែរ ដែលក្នុងនោះ៥០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង នៅតាមភូមិចំនួន១២ ដែលរងការប៉ះពាល់។
ចំណែកអ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់ជាតិ លោក ម៉ូចតាបា ខាលេឌី (Mojtaba Khaledi) ក៏បានឲ្យដឹងផងដែរថា «ថាមពលអគ្គិសនី និងទឹកត្រូវបានកាត់ផ្តាច់នៅក្នុងភូមិមួយចំនួន ក្បែរទីក្រុងសាល់ម៉ាស់ (Salmas) និងទីក្រុងខូយ (Khoy) ជាទីដែលស្ថិតនៅជិតចំណុចកណ្តាលនៃការញ័ររញ្ជួយដី។
គួរបញ្ជាក់ថា អ៊ីរ៉ង់ជាប្រទេសដែលធ្លាប់នូវការរញ្ជួយដីជាញឹកញាប់។ ការរញ្ជួយដីស្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសអ៊ីរ៉ង់ គឺបានកើតឡើងកាលពីឆ្នាំ១៩៩០ ក្នុងកម្រិត៧.៤ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សចំនួន ៤០,០០០នាក់ និងបង្កឱ្យរបួស៣០០,០០០នាក់ ព្រមទាំងធ្វើឲ្យមនុស្សកន្លះលាននាក់ទៀត បាត់បង់ផ្ទះសម្បែង។ ចំណែក ករណីរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ កាលពីក្នុងឆ្នាំ២០០៣ នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតធ្ងន់ធ្ងរចំពោះទីក្រុងបុរាណ បាម (Bam) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១,០០០នាក់៕