(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ បានកោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅទីក្រុងតេហរ៉ង់ ដែលជាប្រតិកម្មពាក់ព័ន្ធនឹង «ការនិយាយស្តីបែបជ្រៀតជ្រែក» ពីសំណាក់ក្រសួងការបរទេសអង់គ្លេស ជុំវិញស្ថានការណ៍ក្នុងប្រទេសអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័តមាន AFP នៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២២។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសអង់គ្លេស បានកោះហៅភារធារីអ៉ីរ៉ង់ ដែលជាមន្រ្តីការទូតជាន់ខ្ពស់បំផុតប្រចាំនៅអង់គ្លេស មកសាកសួរអំពីសកម្មភាពបង្រ្កាបបាតុកម្មតវ៉ា ដែលបានផ្ទុះឡើង ក្រោយការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) កំលុងពេលជាប់ឃុំឃាំង។ ចំណែកឯកអគ្គរាជទូតអង់គ្លេស នៅក្នុងទីក្រុងតេហេរ៉ង់ ក៏ត្រូវបានកោះហៅវិញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ប្រធានគោលនយោបាយអឺរ៉ុបខាងលិចនៃក្រសួងការបរទេសអ៊ីរ៉ង់ បានកត់សម្គាល់ថា «ភាគីអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ឯកតោភាគី បង្ហាញថាខ្លួនពិតជាមានតួនាទីនៅក្នុងសេណារីយ៉ូនៃភាពវឹកវរ ដែលកំពុងកើតឡើងប្រឆាំងនឹងអ៉ីរ៉ង់។ ទីក្រុងឡុងដ៍ កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយផ្អែកលើការបកស្រាយក្លែងក្លាយ និងបែបបង្កហេតុរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ នឹងពិចារណាជម្រើសដែលអាចធ្វើទៅបាន ក្នុងការឆ្លើយតបទៅនឹងសកម្មភាពមិនធម្មតាណាមួយ ពីសំណាក់ចក្រភពអង់គ្លេស»។
គួរបញ្ជាក់ថា ស្ត្រីជនជាតិអ៊ីរ៉ង់ដើមកំណើតឃើដ ដែលមានអាយុ២២ឆ្នាំ នាង អាមីនី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយប៉ូលិសសីលធម៌នៅទីក្រុងតេហេរ៉ង់ ពីបទស្លៀកពាក់មិនសមរម្យ។ ក្រោយមកនាង ត្រូវបានគេរាយការណ៍ថាស្លាប់ កំលុងពេលជាប់ឃុំឃាំង នៅថ្ងៃទី១៦ ខែកញ្ញា៕