(មូស្គូ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចជាផ្លូវការ នូវការបញ្ចូលទឹកដីដែលមានទំហំច្រើនជាង ១៥ភាគរយរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងខិតខំព្យាយាមទប់ទល់ការវាយបករបស់ទីក្រុងកៀវ ទាំងនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។
លោក ពូទីន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួន៤ ស្តីពីការទទួលយកតំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន មកក្លាយជាផ្នែកនៃប្រទេសរុស្ស៉ី បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានផ្តល់សច្ចាប័ន ដោយសភារបស់រុស្ស៉ី។
ការប្រកាសកាត់បញ្ចូលទឹកដីខាងលើធ្វើឡើង បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ដែលពុំមានការទទួលស្គាល់ពីក្រុមលោកខាងលិច ហើយនិងទីក្រុងកៀវ បានប្រព្រឹត្តទៅកាលពីចន្លោះថ្ងៃទី២៣-២៧ ខែកញ្ញា នៅតំបន់ទាំងបួន។ តំបន់ទាំងនេះ ដែលរុស្ស៉ីប្រកាសកាត់យក គឺមិនមែនសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីទាំងស្រុងឡើយ។ យ៉ាងណាក្តី ទឹកដីដែលរុស្ស៉ីកាត់បញ្ចូល គឺស្មើនឹងច្រើនជាង១៥ភាគរយ នៃដែនដីអ៊ុយក្រែនទាំងមូល ប៉ុន្តែព្រំប្រទល់ជាក់លាក់ គឺមិនទាន់កំណត់ច្បាស់នៅឡើយទេ។
គួរបញ្ជាក់ថា ដោយឡែក ផែនទីបង្ហាញដោយក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យឃើញពីការដកថយយ៉ាងឆាប់រហ័ស នៃកងកម្លាំងឈ្លានពានរបស់រុស្ស៉ី ចេញពីតំបន់នៅភាគខាងត្បូងក៏ដូចជាខាងកើតអ៊ុយក្រែន ជាទីដែលពួកគេបានស្ថិតក្រោមសម្ពាធខ្លាំង ពីយុទ្ធនាការវាយបករបស់អ៊ុយក្រែន៕