(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈុយ គូចេង (Chiu Kuo-cheng) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានបំផ្លាញ ការព្រមព្រៀងគ្នាស្តីពីការចល័តយោធានៅច្រកសមុទ្រតៃវ៉ាន់ តាមរយៈការបញ្ជូនយន្តហោះនិងនាវាចម្បាំងឆ្លងកាត់ «ខ្សែបន្ទាត់មេដ្យាន» ដែលខណ្ឌចែកផ្លូវទឹកនេះ រវាងចិនដីគោកហើយនិងដែនកោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២២។

ស្របពេលដែលលោកទទួលស្គាល់ថា ការព្រមព្រៀងគ្នាស្តីពីបន្ទាត់មេដ្យានខាងលើ ហាក់ត្រូវបានបំផ្លាញចោលហើយនោះ លោក ឈុយ បានប្រាប់សភាតៃវ៉ាន់ថា តៃវ៉ាន់នឹងបញ្ចេញប្រតិកម្មឆ្លើយតប ប្រសិនចិនហ៊ានឈានជើងឆ្លងកាត់ បន្ទាត់ក្រហមរបស់ខ្លួន។ ទោះជាលោកមិនបាននិយាយថាអ្វីទៅជា «បន្ទាត់ក្រហម» របស់តៃវ៉ាន់ក៏ដោយ ប្រមុខការពារជាតិតៃវ៉ាន់រូប ទំនងជាចង់សំដៅលើ ករណីយន្តហោះយោធាចិន រួមទាំងយន្តហោះដ្រូន (Drone) ហោះបំពានចូលទៅក្នុងទឹកដីរបស់តៃវ៉ាន់ ជាដើម។ ជាមួយគ្នានេះ លោកក៏មិនបានកំណត់ថា ខ្សែបន្ទាត់មេដ្យាន គឺជា «បន្ទាត់ក្រហម» នោះដែរ។

លោក ឈុយ បានគូសបញ្ជាក់យ៉ាងដូច្នេះថា « ខ្សែបន្ទាត់មេដ្យានត្រូវបានគេសន្មត់ថា ជាកិច្ចព្រមព្រៀងសម្ងាត់សម្រាប់គ្រប់គ្នា។ ប៉ុន្តែនៅពេលនេះកិច្ចព្រមព្រៀងសម្ងាត់នោះត្រូវបានបំផ្លាញចោលហើយ»

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរទស្សកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅកោះតៃវ៉ាន់ ប្រទេសចិនបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ហើយកំពុងបន្តរហូតមកទល់នឹងពេលនេះ តែក្នុងកម្រិតកាត់បន្ថយច្រើន ដោយយន្តហោះយោធាចិន តែងតែឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដែលជារបាំងខណ្ឌចែកមិនផ្លូវការ រវាងភាគីទាំងពីរ៕