(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ចំនួនមនុស្សស្លាប់ បានកើនដល់យ៉ាងហោច១០៩នាក់ ក្នុងនោះ១០៥នាក់នៅរដ្ឋផ្លូរីដា (Florida) បន្ទាប់ពីការវាយប្រហាររបស់ព្យុះហឺរីខិនកំណាច អ៉ីយ៉ាន (Ian)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។
បណ្តាញព័ត៌មានអាមេរិក CNN បានអះអាងថា គិតត្រឹមយប់ថ្ងៃអង្គារសប្តាហ៍នេះ អតិថិជនជាង៤០០,០០០នាក់ នៅក្នុងផ្លូរីដា កំពុងបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ទោះជាច្រើនថ្ងៃបានកន្លងផុតទៅក៏ដោយ ក្រោយព្យុះហឺរីនខាងលើ បានបោកបក់ទៅដល់ទីនោះ ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ខណៈប្រជាជនជាច្រើននាក់ទៀត បានបាត់បង់ទីជម្រករបស់ពួកគេ។
ព្យុះហឺរីខិន អ៉ីយ៉ាន ក៏បានបង្កការខូចខាតធំធេងចំពោះសេដ្ឋកិច្ចផងដែរ ដោយយោងតាមការព្យាករ ការខូចខាតទ្រព្យសម្បត្តិក្នុងរដ្ឋផ្លូរីដាគឺមានទំហំប្រហែលចន្លោះ៤៥-៦០ពាន់លានដុល្លារ។ ចំណែកកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី៣ នៅរដ្ឋផ្លូរីដា ក៏ដូចជានៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក៏ត្រូវបានរំពឹងថានឹងថយចុះផងដែរ។
គួរបញ្ជាក់ថា ព្យុះ អ៉ីយ៉ាន បានបោកបក់ទៅដល់ភាគនិរតីរដ្ឋផ្លូរីដា កាលពីថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីវាបានវាយប្រហារលើប្រទេសគុយបា៕