(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថានឹងសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបដែលនឹងធ្វើឱ្យអ៉ីរ៉ង់ ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ សម្រាប់ការបង្រ្កាបដ៏សាហាវរបស់ខ្លួន លើក្រុមបាតុករដែលតវ៉ាទាមទាររកយុត្តិធម៌ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) ដែលបានស្លាប់កំលុងការឃុំខ្លួនរបស់ប៉ូលិស។ នេះបើយោងតាមការចុះផ្សាយោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២២។
លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្នុងសប្តាហ៍នេះ, សហរដ្ឋអាមេរិកនឹងមានចំណាត់ការបន្ថែមទៀតលើជន ដែលប្រព្រឹត្តអំពើ ហិង្សាប្រឆាំងនឹងបាតុករដែលធ្វើការតវ៉ាដោយសន្តិវិធី។ យើងនឹងឲ្យមន្ត្រីអ៉ីរ៉ង់ទទួលខុសត្រូវ ហើយយើងនឹងបន្តគាំទ្រសិទ្ធិរបស់ប្រជាជនអ៉ីរ៉ង់ ក្នុងការតវ៉ាដោយសេរី»។
លោក បៃដិន ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ នៃការកៀបសង្កត់កាន់តែខ្លាំងឡើងលើក្រុមបាតុករ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅជាមួយពលរដ្ឋអ៉ីរ៉ង់ទាំងអស់ ដែលកំពុងបំផុសគំនិតពិភពលោកជាមួយនឹងភាពក្លាហានរបស់ពួកគេ។ យ៉ាងនេះក្តី លោកប្រធានាធិបតីអាមេរិក មិនបាន បង្ហាញពីវិធានការអ្វី ដែលលោកកំពុងពិចារណាប្រឆាំងនឹងអ៉ីរ៉ង់ដែលកំពុងស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកស្រាប់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួននោះទេ។
គួរបញ្ជាក់ថា ការស្លាប់របស់ ម៉ាសា អាមីនី ជាជនជាតិឃឺដនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងមក បានបង្កឲ្យមានការតវ៉ាកាន់តែខ្លាំង មិនធ្លាប់មាន នៅក្នុងប្រទេសអ៉ីរ៉ង់នារយៈពេលជិត៣ឆ្នាំមកនេះ ខណៈមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការបង្រ្កាបរបស់អាជ្ញាធរអ៉ីរ៉ង់ និងជាង១,០០០នាក់ ត្រូវបានចាប់ខ្លួន។ ម៉ាសា អាមីនី ត្រូវបានប៉ូលិសសីលធម៌អ៉ីរ៉ង់ចាប់ខ្លួន ដោយចោទថាស្លៀកពាក់មិនសមរម្យ៕