(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាយោធាអ៊ុយក្រែន បានរុលទៅមុខយ៉ាងឆាប់រហ័សប្រឆាំងនឹងកងកម្លាំងរុស្ស៊ី កាលពីសប្តាហ៍មុន ដោយដណ្តើមយកមកវិញនូវទីក្រុងមួយចំនួន នៅក្នុងតំបន់នៅភាគខាងត្បូង និងខាងកើត ដែលរុស្ស៊ីទើបនឹងបានប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធ របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាតាមវីដេអូនៅយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ក្នុងពេលត្រឹមមួយសប្ដាហ៍, ចាប់តាំងពីការធ្វើប្រជាមតិរបស់រុស្ស៊ី មាន ទីក្រុងមួយចំនួនត្រូវបានរំដោះមកវិញ។ ទីក្រុងទាំងនោះ គឺនៅក្នុងតំបន់ខឺសុន (Kherson) ខាកៀវ (Kharkiv) លូហាន (Luhansk) និងដូណេត (Donetsk)។
ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានចេញផ្សាយនូវវីដេអូមួយដែរ ដែលបង្ហាញទង់ជាតិអ៊ុយក្រែន នៅលើភូមិមួយឈ្មោះ ដាវីឌីវ ប្រីដ (Davydiv Brid) នៃតំបន់ខឺសុន។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទើបនឹងបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែនខាងលើនេះ ថាជាទឹកដីរបស់រុស្ស៉ី ក្រោយការបោះឆ្នោតប្រជាមតិដែលក្រុមប្រទេសលោកខាងលិច និងរដ្ឋាភិបាលទីក្រុងកៀវ ហៅថាជាទង្វើខុសច្បាប់៕