(វ៉ាស៊ីនតោន)៖ នាវាផ្ទុកយន្ដហោះចម្បាំងថ្មីទំនើបចុងក្រោយបំផុតរបស់កងទ័ពជើងទឹកអាមេរិក បានធ្វើដំណើរចាកចេញពីទីក្រុង ន័រហ្វូល (Norfolk) នៃរដ្ឋវៀជីញ៉ា (Virginia) នៅថ្ងៃអង្គារនេះ ដែលជាការធ្វើប្រតិបត្តិការ និងដាក់ពង្រាយលើកដំបូង ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាមេរិកខាងជើង និងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។
បើតាមកងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្ដហោះចម្បាំង យូអេសអេស ជឺរ៉ល ហ្វត (USS Gerald Ford) គឺជានាវាផ្ទុកយន្ដហោះចម្បាំងថ្មីចុងក្រោយបំផុតរបស់ សហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ នាវាចម្បាំងនេះត្រូវបានចាប់ផ្ដើមសាងសង់ជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០០៩ និងត្រូវបានដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០១៧ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald Ford ជាប្រភេទនាវាផ្ទុកយន្ដហោះចម្បាំងត្រកូលគ្រួសារ Ford ហើយកងទ័ពជើងទឹកអាមេរិកបានចាប់ផ្ដើមសាងសង់ នាវាផ្ទុក យន្ដហោះចម្បាំងក្នុងត្រកូល Ford ២គ្រឿងផ្សេងទៀត នោះគឺ USS Kennedy និង USS Enterprise។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald Ford និងកងនាវាចម្បាំងមួយក្រុម នឹងត្រូវធ្វើប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ទាំងនៅក្នុងតំបន់ ដែលកងនាវាអាមេរិកទី២ និងទី៦ កំពុងទទួលខុសត្រូវ នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេ។ ការដាក់ពង្រាយនេះនឹងមានរយៈពេលខ្លីជាង ការដាក់ពង្រាយស្ដង់ដារដែលមានពេល ៦ខែ៕