(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី៤ ខែតុលានេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងបំផុតចាប់តាំងពី ឆ្នាំ២០១៧មក។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាបានហោះពីលើតំបន់ភាគខាងជើងជប៉ុន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ហើយនេះក៏ជាការធ្វើតេស្ដ មីស៊ីលលើកទី២៣ដែររបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២នេះ ដោយបើធៀបទៅនឹងកាលពីឆ្នាំ២០២០ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលចំនួន៤លើក និង៨លើក នៅឆ្នាំ២០២១។ កូរ៉េខាងជើងបានបាញ់មីស៊ីលហោះរំលងជប៉ុនលើកចុងក្រោយបំផុតកាលពីឆ្នាំ២០១៧។

ទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយចាត់ទុកថាវាជាទង្វើបង្ករឿង ប្រកបដោយគ្រោះថ្នាក់។ តែយោធាជប៉ុន មិនបានចាត់វិធានការឆ្លើយតបដើម្បីបាញ់ទម្លាក់មីស៊ីលនេះឡើយ។ បើតាមក្រុមមន្ត្រីជប៉ុន កូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងមួយគ្រាប់ចេញពីតំបន់មូព្យុងរី (Mupyong-ri) នៃខេត្ត ចាហ្កាំង (Chagang) ស្ថិតនៅភាគខាងជើងនៃប្រទេស នៅម៉ោង ៧៖២២នាទីព្រឹក និងហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រជាមួយ រយៈកម្ពស់១,០០០គីឡូម៉ែត្រ ក្នុងរយៈពេល២២នាទី ដោយហោះរំលងតំបន់តូហូគូ (Tohoku) នៃភាគខាងជើងជប៉ុន។

អ្នកជំនាញដូចជា លោក ចេហ្វហ្រ្វី លេវីស (Jeffrey Lewis) ជានាយកកម្មវិធីមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ីខាងកើត នៃវិទ្យាស្ថាន CNS បានឱ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ គឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម វ៉ាសុង ១២ (Hwasong-12) ដែលទីក្រុងព្យុងយ៉ាងធ្លាប់ធ្វើតេស្ដលើកចុងក្រោយ បំផុតកាលពីខែមករា ឆ្នាំ២០២២នេះ។ «វាជាមីស៊ីលមួយដែលកូរ៉េខាងជើងបានចាប់ផ្ដើមធ្វើតេស្ដកាលពីឆ្នាំ២០១៧...ដូច្នេះវាមិនមែនជាមីស៊ីលស៊េរីថ្មីឡើយ តែការធ្វើតេស្ដនៅលើកនេះពិតជាមានសារៈសំខាន់ ដោយសារតែរយៈចម្ងាយបាញ់របស់វា»។

មីស៊ីល Hwasong-12 ត្រូវបានអ្នកជំនាញខាងមីស៊ីលភាគច្រើនយល់ស្របដូចគ្នាថាអាចបាញ់ដល់ជប៉ុន និងកោះហ្កាំជាទឹកដីរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលហោះរំលងជប៉ុន? សម្រាប់លោក ម៉ាសាស៊ិ មូរ៉ាណុ (Masashi Murano) ជាអ្នកជំនាញ មកពីវិទ្យាស្ថាន Hudson Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន កូរ៉េខាងជើងមិនមានជម្រើសផ្លូវហោះហើរច្រើន សម្រាប់មីស៊ីលដែលអាចបាញ់បានចម្ងាយ ជាង ៤,០០០គីឡូម៉ែត្រ ក្រៅតែពីផ្លូវដែលហោះរំលងជប៉ុន និងឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក នោះទេ។

ម្យ៉ាងវិញទៀត ក្នុងបរិបទដែលពិភពលោកកំពុងជួបភាពចលាចលស្ទើរតែជុំទិស តួយ៉ាងដូចជាសង្រ្គាមនៅអ៊ុយក្រែន កូរ៉េខាងជើងមើលឃើញថានេះជាឱកាសដ៏ល្អ ក្នុងការពង្រឹងសមត្ថភាពយោធា និងធ្វើតេស្ដមីស៊ីល ដោយមិនចាំបាច់បារម្ភពីការចាត់វិធានការឆ្លើយតបខ្លាំងពីសហគមន៍អន្តរជាតិ ឬក៏សហរដ្ឋអាមេរិកដែលកំពុង ជាប់រវល់ជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីទេ។ ណាមួយក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងមិនល្អជាមួយចិន និងរុស្ស៉ី របបដឹកនាំលោក គីម ជុងអ៊ុន រំពឹងខ្ពស់ថាទាំងប៉េកាំង និងមូស្គូ ច្បាស់ណាស់មុខជានឹងប្រើប្រសិទ្ធវេតូប្រឆាំងនឹងដំណោះស្រាយថ្កោលទោស ឬការដាក់ទណ្ឌកម្មពីសំណាក់ UN លើកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាកំពុងព្យាយាមបង្កើន និងពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា ក្នុងគោលបំណងដាក់សម្ពាធ លើសហរដ្ឋអាមេរិកឱ្យទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋនុយក្លេអ៊ែរ» ដោយការទទួលស្គាល់នេះជាអ្វីដែលលោក គីម យល់ថាមានសារៈសំខាន់បំផុតដើម្បីរំដោះខ្លួន ពីទណ្ឌកម្មអន្តរជាតិ និងទទួលបានសម្បទាននានា។

លើសពីនេះទៅទៀត ជាយុទ្ធសាស្ត្ររយៈពេលវែង កូរ៉េខាងជើងចង់ប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបំបែកបំបាក់ និងបង្កើតការមិនទុកចិត្តគ្នានៅក្នុងសម្ព័ន្ធភាពរវាង សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ របបដឹកនាំលោក គីម ជុងអ៊ុន បាន និងកំពុងអភិវឌ្ឍអាវុធ ដូចជាអាវុធនុយក្លេអ៊ែរតាក់ទិក និងមីស៊ីលផ្លោងបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក ដើម្បីមានឧត្ដមភាពយោធាលើសកូរ៉េខាងត្បូង ឬជប៉ុន និងអាចប្រឈមមុខជាមួយសហរដ្ឋអាមេរិក។

បានន័យថាដោយមានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធាខ្លាំង កូរ៉េខាងជើងចង់បញ្ជូនសារឱ្យជប៉ុន និងកូរ៉េខាងត្បូងដឹងថាបើសង្រ្គាមផ្ទុះឡើង អាមេរិកក៏មិនអាចការពារពួកគេបានទេ ព្រោះវ៉ាស៊ីនតោនក៏ត្រូវការពារអាយុជីវិតប្រជាជនរបស់ខ្លួនពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដែរ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារសប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលលើកទី៥ ក្នុងរយៈពេល១០ថ្ងៃ ខណៈ ក្រុមមន្រ្តីអាមេរិក និងកូរ៉េខាងត្បូង បានធ្លាប់បានព្រមានជាច្រើនលើកថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ ចំណែកឯ ក្រុមអ្នកជំនាញយល់ថា ពេលវេលានៅចន្លោះ ក្រោយសមាជគណបក្សកម្មុយនិស្ដចិនដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែតុលានេះ និងនៅមុនការបោះឆ្នោត ពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកា អាចជាពេលដែលកូរ៉េខាងជើងនឹងបង្កភាពភ្ញាក់ផ្អើលតាមរយៈការធ្វើតេស្ដអាវុធយុទ្ធសាស្រ្ត សំខាន់ៗរបស់ខ្លួន៕