(សេអ៊ូល)៖ យោធាអាមេរិក និងកូរ៉េខាងត្បូង បានដឹកនាំការធ្វើលំហាត់សឹកបាញ់មីស៊ីល ជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមរបស់ កូរ៉េខាងជើងដែលបានហោះរំលងប្រទេសជប៉ុន ខណៈទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសការធ្វើតេស្ដមីស៊ីលពីសំណាក់ទីក្រុងព្យុងយ៉ាងថាជាទង្វើដ៏គ្រោះថ្នាក់ និងគឃ្លើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។

កូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM មួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៧។ ឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៊ីលនេះដែរ យោធាអាមេរិក និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់សមុទ្រ នៅថ្ងៃពុធនេះ។ ប៉ុន្តែ យោធាកូរ៉េខាងត្បូង ក៏បានអះអាងដាច់ដោយឡែកផងដែរថា ការធ្វើតេស្ដមីស៊ីលហ៊ីយុនមូន ២ (Hyunmoo-2) មួយគ្រាប់របស់ខ្លួនបាន បរាជ័យ និងធ្លាក់កំឡុងការធ្វើតេស្ដដោយមិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួសទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ រួមទាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាមួយការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ស្របពេលសហភាពអឺរ៉ុប និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ចាត់ទុកថាការធ្វើតេស្ដមីស៊ីលជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN៕