(ហ្សឺណែវ)៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មើគែល (Angela Merkel) នៅថ្ងៃអង្គារនេះ បានឈ្នះពានរង្វាន់ ណានសិន (Nansen) របស់ទីភ្នាក់ងារបន្ទុកកិច្ចការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការផ្តល់ការការពារដល់ ជនស្វែងរកសិទ្ធិជ្រកកោន អំលុងពេលលោកស្រី នៅកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ប្រមុខទីភ្នាក់ងារជនភៀសខ្លួនរបស់ UN លោក ហ្វីលីពប៉ូ ហ្ក្រាន់ឌី (Filippo Grandi) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «តាមរយៈការជួយជនភៀសខ្លួនដល់ទៅជាង១លាននាក់ ឱ្យតស៊ូរស់រានព្រមទាំងកសាងជីវិតថ្មី លោកស្រី អាន់ជេឡា មើគែល បានបង្ហាញនូវគុណធម៌គួរឱ្យគោរព ក៏ដូចជាឆន្ទៈនយោបាយដ៏ក្លៀវក្លាវ»

គួរបញ្ជាក់ថា អំលុងការកាន់តំណែងជាអធិការបតី របស់លោកស្រី មើគែល អាល្លឺម៉ង់បានស្វាគមន៍ជនភៀសខ្លួន និងជនស្វែងរក​សិទ្ធិជ្រកកោន សរុបច្រើនជាង១.២លាននាក់ កាលពីចន្លោះឆ្នាំ២០១៥-២០១៦ ដែលជាចំណុលកំពូលនៃវិបត្តិជម្លោះនៅប្រទេសស៉ីរី និងចំពោះមុខការកើតមាន អំពើហិង្សាអាក្រក់ៗជាច្រើន នៅកន្លែងផ្សេងៗទៀត។ ពានរង្វាន់ ណានសិន នឹងត្រូវប្រគលឱ្យលោកស្រី មើគែល ក្នុងកម្មវិធីមួយ ដែលប្រារព្ធឡើងនៅ ទីក្រុងហ្សឺណែវនៃប្រទេសស្វីស នាថ្ងៃទី១០ ខែតុលានេះ៕