(វែលីងតោន)៖ ប្រទេសដីកោះសូឡូម៉ុន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួនបានជំទាស់ទៅនឹងសេចក្តីព្រាងដំបូង នៃសេចក្តីប្រកាសរួមរបស់ភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ព្រោះវាខ្លួនហាក់មិនពេញចិត្ត ចំពោះការលើកឡើងមួយចំនួន ដែលសំដៅដោយប្រយោលទៅលើចិន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។
ការបញ្ជាក់ខាងលើនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសូឡូម៉ុន លោក ហ្សេរ៉េមៀហ៍ ម៉ានេឡេ (Jeremiah Manele) នៅពេលត្រូវបានក្រុមអ្នកព័ត៌មានក្នុងប្រទេសនូវែលសេឡង់ សាកសួរពីសេចក្តីរាយការណ៍ នៃការមិនពេញចិត្តរបស់សូឡូម៉ុន ជុំវិញការចេញសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុន។
លោក ម៉ានេឡេ បានគូសបញ្ជាក់ថា «នៅក្នុងសេចក្តីព្រាងដំបូង មានចំណុចខ្លឹមសារមួយចំនួន ដែលយើងមិនពេញចិត្ត។ ខ្លឹមសារទាំងនោះ បានរុញឱ្យយើងស្ថិតនៅជំហរមួយ ដែលត្រូវជ្រើសរើសភាគីម្ខាងៗ ប៉ុន្តែពួកយើងមិនចង់ស្ថិតនៅជំហរ ដែលតម្រូវឱ្យធ្វើយ៉ាងដូច្នោះឡើយ»។ នៅពេលត្រូវបានសួរថាតើចំណុចខ្លឹមសារទាំងនោះ សំដៅទៅលើប្រទេសចិនឬ? លោក ម៉ានេឡេ បានឆ្លើយថា «សំដៅដោយប្រយោល»។
លោក បានបន្ថែមថា កិច្ចប្រជុំរវាងប្រជុំកោះប៉ាស៉ីហ្វិករបស់សហរដ្ឋអាមេរិក និងកោះប៉ាស៉ីហ្វិកចំនួន១៤ នៅទីក្រុងវ៉ាស៉ីនតោន ក្រោយមកបានរកឃើញ «មូលដ្ឋានរួមគ្នា» ក្នុងការចរចាដែលអាចឲ្យសូឡូម៉ុន ចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាតួអង្គសំខាន់ក្នុងតំបន់ប៉ាស៉ីហ្វិកខាងត្បូង ចាប់តាំងពីជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២មក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅក្នុងតំបន់នេះ តាមរយៈការវិនិយោគ ការបណ្តុះបណ្តាលប៉ូលិស ហើយអ្វីដែលចម្រូងចម្រាសបំផុតនោះ គឺកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន៕