(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង CNN ពីបទបរិហាកេរ្តិ៍ ដោយទាមរទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ ក្រោមការអះអាងថា បណ្តាញសារព័ត៌មានអាមេរិកមួយនេះ បានធ្វើយុទ្ធនាការសំដៅ បង្ខូចមុខមាត់របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។
ក្នុងពាក្យបណ្តឹងដាក់ទៅកាន់តុលាការអាមេរិក ក្នុងទីក្រុងហ្វត ឡៅដឺដេល (Fort Lauderdale) នៃរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បាននិយាយថា CNN បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដែលជាស្ថាប័នព័ត៌មានដ៏ឈានមុខមួយ ដើម្បីបំផ្លាញអាជីពនយោបាយរបស់លោក។ ចំណែកខាង CNN វិញ បានសុំបដិសេធធ្វើការអត្ថាធិប្បាយ ជុំវិញការដាក់ពាក្យបណ្តឹងរបស់លោក ត្រាំ។
ក្នុងពាក្យបណ្តឹង២៩ទំព័រនោះ លោកអតីតប្រធានាធិបតីអាមេរិក បានបន្តថា CNN មានប្រវត្តិរិះគន់ប្រឆាំងនឹងរូបលោកយូរហើយ ប៉ុន្តែបានបង្កើនការវាយប្រហាររបស់ខ្លួនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការភ័យព្រួយថា លោកអាចនឹងឈរឈ្មោះសាជាថ្មី ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា បើតាមពាក្យបណ្តឹងខាងលើដដែល សារព័ត៌មាន CNN បានប្រើប្រាស់ពាក្យពេចន៍បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោក ដូចជា «ជនរើងអើងពូជសាសន៍» «អាយ៉ងរុស្ស៉ី» «ជនបង្កការបះបោរ» ជាដើម ហើយប៉ុន្មានលើកថែមទាំង បានប្រដូចរូបលោកទៅនឹង មេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ អាដូហ្វ អ៉ីត្លែរ ថែមទៀតផង។ ដោយឡែក មកទល់ពេលនេះ លោក ត្រាំ មិនទាន់បានប្រកាសថា តើរូបលោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ ដែរឬយ៉ាងណានោះឡើយ៕