(ដាក្កា)៖ ឆ្មាំសមុទ្ររបស់ប្រទេសបង់ក្លាដែស បាននិយាយថា យ៉ាងហោចណាស់មនុស្សជាង១០នាក់បាត់ខ្លួន បន្ទាប់ពីទូកដឹកជនភៀសខ្លួនរ៉ូហ៉ីងយ៉ា បានលិចក្នុងសមុទ្រនៅថ្ងៃអង្គារនេះ ចំពេលដែលអាកាសធាតុអាក្រក់ខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ទូកនេសាទមួយគ្រឿង បានចាកចេញពីបង់ក្លាដែស ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៉ី នៅព្រឹកព្រលឹមថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) មុនពេលជួបនឹងបញ្ហា នៅឈូងសមុទ្របេងហ្កាល់ (Bay of Bengal)។ អ្នកនាំពាក្យឆ្មាំសមុទ្រ លោក អាល់ អាមីន (Al Amin) បានប្រាប់ AFP យ៉ាងដូច្នេះថា «យើងបានជួយសង្រ្គោះមនុស្សចំនួន៣៩នាក់ ដែលមានរួមទាំងជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ចំនួន៣៥នាក់ និងជនជាតិបង់ក្លាដែស៤នាក់»។

ចំណែក មេបញ្ជាការស្ថានីយ៍ឆ្មាំសមុទ្របង់ក្លាដែស លោក អាស៉ីក អាម៉េត (Ashiq Ahmed) បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សជាង៥០នាក់ នៅលើទូកនោះ ដែលជាដឹកអ្នកដំណើរមកពីក្រុងផ្សេងៗគ្នា នៅតាមបណ្តោយឆ្នេរ ។ ពេលនេះមនុស្សប្រហែលជាង១០នាក់កំពុងបាត់ខ្លួននៅឡើយ ខណៈប្រតិបត្តិការស្វែងរកកំពុងបន្ត។

គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាភាគច្រើនបានមកដល់បង់ក្លាដែស កាលពីប្រាំឆ្នាំមុន បន្ទាប់ពីការបង្ក្រាបដោយយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាមិញ ស្ថានភាពរស់នៅដ៏សែនលំបាក នៅតាមជំរំភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស បានជំរុញឲ្យជនជាតិរ៉ូហ៉ីងយ៉ា រាប់រយនាក់ក្នុងមួយឆ្នាំៗបង់ប្រាក់ដល់អ្នករត់ពន្ធ សម្រាប់ការឆ្លងកាត់តាមផ្លូវសមុទ្រដ៏គ្រោះថ្នាក់ ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅច្រើនគួរសម៕