(ហ្សាការតា)៖ មេប៉ូលិសឥណ្ឌូណេស៉ីម្នាក់ ព្រមទាំងមន្រ្តីប៉ូលិសកងកម្លាំងពិសេស៩នាក់ ត្រូវបានដកហូតមុខតំណែង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយ១៨នាក់ផ្សេងទៀត កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត សម្រាប់ការទទួលខុសត្រូវចំពោះ ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋានបាល់ទាត់មួយកន្លែង ដែលបានបង្កឱ្យមានការរត់ជាន់គ្នា ស្លាប់មនុស្សយ៉ាងតិច ១៣១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៉ីបានឱ្យដឹងថា ស្នងការប៉ូលិសប្រចាំទីក្រុងម៉ាឡាង (Malang) ជាទីដែលសោកនាដកម្មខាងលើ បានកើតឡើង ត្រូវបានបញ្ឈប់ពីតួនាទី រួមជាមួយសមាជិក៩នាក់ នៃកងកម្លាំងប៉ូលិសពិសេស។ ចំណែកមន្រ្តីប៉ូលិស១៨នាក់ផ្សេងទៀត ដែលមានឋានៈពី កម្រិតកណ្តាលដល់ខ្ពស់ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតផងដែរ។

ហេតុការណ៍រត់ជាន់គ្នានោះ បានកើតឡើងនៅពេលក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ដែលចាញ់ បាននាំគ្នាសម្រុកចូលលុកលុយទីលាន ហើយកងកម្លាំងប៉ូលិសដែលចាំរក្សាសន្តិសុខនៅកីឡដ្ឋាននោះ ក៏ព្យាយាមបញ្ឈប់ភាពវឹកវរ តាមរយៈការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។ ប៉ុន្តែប្រការនេះក៏បានបង្កឱ្យមានការរត់ជាន់គ្នាយ៉ាងអន្តរាយ។ គោលការណ៍របស់សហព័ន្ធសមាគមបាល់ទាត់អន្តរជាតិ FIFA គឺមិនអនុញ្ញាតឱ្យមាន ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋានឡើយ។

ចំណែកនៅថ្ងៃអង្គារនេះ មេប៉ូលិសប្រចាំខេត្តជ្វាខាងកើត (East Java) ដែលទីក្រុងម៉ាឡាងស្ថិតនៅ ក៏បានចេញមុខសុំទោសជាសាធារណៈ ចំពោះសោកនាដកម្ម ដែលបានកើតឡើងផងដែរ។ គិតត្រឹមរសៀលថ្ងៃអង្គារនេះ តួលេខអ្នកស្លាប់បានកើនពីចំនួន ១២៥នាក់ មកដល់១៣១នាក់។ វាស្ថិតក្នុងចំណោមករណីដែលមានមនុស្សស្លាប់ច្រើនបំផុតមួយ កំលុងព្រឹត្តិការណ៍ប្រកួតកីឡា។ ក្រៅពីអ្នកបាត់បង់ជីវិត ក៏មានមនុស្សជាង៣០០នាក់ បានទទួលរងរបួសថែមទៀតផង ក្នុងហេតុការណ៍នោះ ដែលបានកើតឡើងកាលពី​យប់ថ្ងៃសៅរ៍សប្តាហ៍មុន ហើយខ្លះកំពុងបន្តស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ន នូវការប្រកួតទាំងអស់នៃលីគបាល់ទាត់ក្នុងប្រទេស រហូតទាល់តែកត្តាសុវត្ថិភាពនិងសន្តិសុខ នៃការប្រកួតបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូណេស៉ី ត្រូវបានវាយតម្លៃរួចរាល់ឡើងវិញ៕