(វ៉ាសូវី)៖ រដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក ហ្ស៉ីប៊ីគនូ រ៉ាវ (Zbigniew Rau) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចុះហត្ថលេខាលើកំណត់ទូតមួយ ផ្ញើទៅកាន់ភាគីអាល្លឺម៉ង់ ដើម្បីទាមទារសំណងសម្រាប់ការខូចខាត ដែលបង្កឡើងដោយការឈ្លានពាន និងត្រួតត្រារបស់ណាហ្ស៉ីអាល្លឺម៉ង់ អំលុងសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២។
ទីក្រុងវ៉ាសូវីកំពុងព្យាយាមទាមទារសំណងទំហំ១.២ទ្រីលានដុល្លារ ប៉ុន្តែការទាមទារនេះ ត្រូវបានច្រានចោលដោយទីក្រុងបែរឡាំង ក្រោមហេតុផលថា បញ្ហាផ្តល់សំណងហិរញ្ញវត្ថុកាលពីសម័យសង្រ្គាមលោក គឺត្រូវបានដោះស្រាយចប់រួចរាល់យូរជាមកហើយ។ នាឱកាសចុះហត្ថលេខានោះ លោក រ៉ាវ បាននិយាយថា ប្រទេសទាំងពីរគួរតែបោះជំហានឱ្យបានឆាប់ ឆ្ពោះទៅរកការដោះស្រាយ ដែលជាក់ស្តែង គ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងជាអចិន្រ្តៃយ៍ចុងក្រោយមួយ ជុំវិញបញ្ហានៃផលវិបាកដែលបានបង្កឡើងដោយសារ ការឈ្លានពាននិងត្រួតត្រារបស់អាល្លឺម៉ង់ កាលពីចន្លោះឆ្នាំ១៩៣៩-១៩៤៥។
បើតាមលោកប្រមុខការទូតប៉ូឡូញ ការដោះស្រាយនោះនឹងបិទបញ្ចប់ជាផ្លូវការ នូវទំព័រប្រវត្តិសាស្រ្តដ៏សែនឈឺចាប់ពីអតីតកាល ហើយនឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ កាលពីខែកញ្ញាកន្លងទៅ សភាជាន់ទាបប៉ូឡូញបានបោះឆ្នោតគាំទ្រការទាមទារ សំណង១.២ទ្រីលានដុល្លារនេះពីទីក្រុងបែរឡាំង។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការទាមទារសំណងពីសំណាក់ទីក្រុងវ៉ាសូវី ខាងរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកែកថា ប៉ូឡូញបានបោះបង់សិទ្ធិទាមទារសំណងសម្រាប់ការខូចខាត នៅក្រោមកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ១៩៥៣ ជាមួយអាល្លឺម៉ង់ខាងកើត ហើយបញ្ហានោះទៀតសោត ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៩០ ស្តីពីការបង្រួបបង្រួមអាល្លឺម៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយ អាល្លឺម៉ង់ខាងលិចនិងខាងកើត ព្រមទាំងដោយសហរដ្ឋអាមេរិក សហភាពសូវៀត ចក្រភពអង់គ្លេស និងបារាំង។
យ៉ាងណាមិញ ខាងប៉ូឡូញបានទទូចថា ការសុខចិត្តបោះបង់សិទ្ធិកាលពីឆ្នាំ១៩៥៣នោះ គឺត្រូវបានចុះហត្ថលេខាក្រោមសម្ពាធរបស់ទីក្រុងមូស្គូ ហើយខ្លួនក៏ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងដំណើរការកិច្ចចរចា នៃសន្ធិសញ្ញាឆ្នាំ១៩៩០ផងដែរ។ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ មេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ លោក អូដូហ្វ អ៉ីត្លែរ បានបើកការឈ្លានពានលើប៉ូឡូញ ហើយ២ថ្ងៃក្រោយមក បារាំងនិងចក្រភពអង់គ្លេស ក៏បានប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់ ដែលជាការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី២៕