(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថាជប៉ុននឹងពិចារណា ក៏ដូចជាត្រួតពិនិត្យលើជម្រើស ទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ខណៈទីក្រុងតូក្យូកំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន ចំពោះមុខការបាញ់មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ លោក ហាម៉ាដា បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាពនេះ យើងនឹងបន្តត្រួតពិនិត្យលើគ្រប់ ជម្រើសទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ហើយនឹងមិនច្រានចោលនូវជម្រើសណាមួយឡើយ ខណៈយើងកំពុងបន្តធ្វើការលើការ ពង្រឹងសមត្ថភាពការពារជាតិរបស់យើង»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុ​ន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុន បានព្រមានប្រជាជននៅក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញ មីស៊ីលនេះឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។

មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯ យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយ បាញ់ចេញពីខេត្ត ចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕