(វ៉ាស៊ីនតោន)៖ ជាលើកដំបូងបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា នៅខែតុលា ឆ្នាំ១៩៦២មក មេដឹកនាំកំពូលរបស់រុស្ស៉ីដូចជាលោក វ្ល៉ាឌីមៀ ពូទីន បានសម្លុតគំរាមត្រង់ៗពី ការប្រើអាវុធនុយក្លេអ៊ែរ ខណៈក្រុមមន្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីនតោន កំពុងតាមដាន និងព្យាយាមស្វែងយល់ពីសេណារីយ៉ូដែលលោក ពូទីន អាចនឹងសម្រេចចិត្តប្រើ អាវុធនុយក្លេអ៊ែរ ដើម្បីប៉ះប៉ូវឡើងវិញនូវបរាជ័យរបស់កងទ័ពរុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញាកន្លងទៅ លោក ពូទីន បានហៅសហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធាណាតូថា «ជាសត្រូវ» ពេញៗមាត់ដែលមានបំណង ចង់ផ្ដួលរំលំរុស្ស៉ី ហើយថាលោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងតំបន់ចំនួន ៤របស់អ៊ុយក្រែនដែលលោកបានប្រកាសបញ្ចូលក្នុង ឧបសម្ព័ន្ធរុស្ស៉ី។ ថ្លែងនាឱកាសនោះ លោក ពូទីន ក៏បានរំឮកឡើងវិញដែរពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ហារីទ្រូ ម៉ាន់ ក្នុងការទម្លាក់គ្រាប់បែក នុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្កាសាគី ប្រទេសជប៉ុនកាលពីជាង៧០ឆ្នាំមុន ដែលនេះត្រូវបានគេមើលឃើញថាលោក ពូទីន ចង់បានន័យថាសហរដ្ឋអាមេរិក អាចប្រើអាវុធនុយក្លេអ៊ែរបាន រុស្ស៉ីក៏អាចធ្វើបានដូចគ្នាដែរ។
នៅក្នុងពេលបច្ចុប្បន្ន ការព្រួយបារម្ភខ្លាចក្រែងលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ គឺមានសភាពធ្ងន់ធ្ងរជាងកាលពីសង្រ្គាមផ្ទុះឡើងដំបូងកាលពីខែកុម្ភៈទៅទៀត ជាពិសេស នៅចំពោះមុខបរាជ័យរបស់កងទ័ពរុស្ស៉ី បញ្ហានៅក្នុងការកែនកងទ័ព និងចុងក្រោយបំផុត នោះគឺការបាត់បង់ទីក្រុងឡាយមិន (Lymen) ទាំងស្រុងក្រោមថ្វីដៃកងទ័ពអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី០២ ខែតុលានេះ។ ការសម្លុតគំរាមរបស់លោក ពូទីន វាមិនមែនជារឿងថ្មីថ្មោងនោះទេ តែរឿងដែលសំខាន់នៅលើកនេះ សហរដ្ឋអាមេរិកបានគំរាមធ្ងន់ៗ បកទៅវិញថារុស្ស៉ីអាចប្រឈមមុខនឹង «ផលវិបាកដ៏មហន្តរាយ» បើហ៊ានប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។
ការព្រមានបែបនេះធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់។ លោក ស៊ូលីវ៉ាន់ មិនបានបញ្ជាក់ថាតើអាមេរិកនឹងឆ្លើយតបដោយរបៀបណានោះទេ ក្នុងករណីដែលលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរមែននោះ ហើយក៏មិនបានលម្អិតថាតើអ្វីទៅជា «ផលវិបាកដ៏មហន្តរាយ» នោះដែរ? តែច្បាស់ណាស់ ទាំងសហរដ្ឋអាមេរិក និងណាតូ ប្រាកដជានឹងមិនបណ្ដោយឱ្យរុស្ស៉ីរួចខ្លួន ដោយមិនបានធ្វើអ្វីសោះនោះទេ។
នៅក្រោយពេលដែលកងទ័ពអ៊ុយក្រែន ទទួលបានជ័យជម្នះយ៉ាងធំធេង នៅក្នុងប្រតិបត្តិការវាយបកកាលពីខែកញ្ញាកន្លងទៅ រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន បានបង្កើន ការសិក្សា និងព្យាករពីជំហានបន្ទាប់របស់លោក ពូទីន។ ការព្យាករនេះបានក្លាយជាការពិត ក្រោយលោក ពូទីន ប្រកាសកែនទ័ពបន្ថែមជាង ៣០០,០០០នាក់ និងបញ្ចូលទឹកដី អ៊ុយក្រែនចំនួន ៤តំបន់ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី ដោយធ្វើឱ្យការព្រួយបារម្ភនៅក្នុងចំណោមក្រុមមន្ត្រីអាមេរិកបានកើនឡើងជាលំដាប់។ នៅម្ខាងពួកគេបារម្ភខ្លាចថាអ៊ុយក្រែន បរាជ័យផង រីឯម្ខាងទៀតគឺបារម្ភខ្លាចថាប្រសិនបើអ៊ុយក្រែនបន្តទទួលបានជ័យជម្នះ នោះវាអាចនឹងបង្ខំឱ្យលោក ពូទីន ជ្រើសរើសដើរតាមជំហានដែលនៅសេសសល់នោះគឺ ប្រើអាវុធនុយក្លេអ៊ែរ។
សម្រាប់លោក ពូទីន ឃ្លាំងអាវុធនុយក្លេអ៊ែរជាអំណាចចុងក្រោយបំផុតរបស់រុស្ស៉ី ក្នុងនាមជាមហាអំណាច ហើយនេះជាការពិត។ ដ្បិត សង្រ្គាមនៅអ៊ុយក្រែនបង្ហាញថាអាវុធ ទូទៅធម្មតារបស់លោកខាងលិចដែលផ្ដល់ឱ្យអ៊ុយក្រែន វាមានប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៉ីដែលនេះនឹងធ្វើឱ្យលោក ពូទីន នឹងកាន់តែពឹងផ្អែកលើអាវុធ នុយក្លេអ៊ែរ។ នេះបើតាមលោក វ៉ាស៊ីលី កាស៊ីន (Vasily Kashin) ជាអ្នកជំនាញខាងយោធាម្នាក់មកពីសាកលវិទ្យាល័យ Higher School of Economics ក្នុងទីក្រុងមូស្គូ។ លោក វ៉ាស៊ីលី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលឧត្តមភាពនៃអាវុធទូទៅធម្មតា (ឬមិនមែននុយក្លេអ៊ែរ) កំពុងស្ថិតនៅក្នុងដៃរបស់លោកខាងលិច ...ហើយអំណាចរបស់រុស្ស៉ីសព្វថ្ងៃ គឺពឹងផ្អែកតែទៅលើអាវុធនុយក្លេអ៊ែរ»។
ក្រុមអ្នកវិភាគភាគច្រើនយល់ស្របដូចគ្នាថាលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែនៅក្នុងករណីដែលរុស្ស៉ី ឬលោក ពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាមកំហែង តែប៉ុណ្ណោះ។ តួយ៉ាង លោក ហ្ក្រាហាំ អាលីសសុន (Graham T. Allison) ជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថា «ឱកាសដែលលោក ពូទីនប្រើអាវុធនុយក្លេអ៊ែរ គឺមានតិចតួចបំផុត»។ លោក អាលីសសុន បន្ថែមថាលោក ពូទីន អាចនឹងជ្រើសរើសយកជម្រើសប្រើអាវុធនុយក្លេអ៊ែរ លើកលែងតែនៅក្នុងករណីអ៊ុយក្រែនអាចវាយបណ្ដេញ កងទ័ពរុស្ស៉ីឱ្យចេញពីតំបន់ចំនួន៤ ដែលរុស្ស៉ីទើបតែកាត់យកពីអ៊ុយក្រែន»។ ដូច្នេះរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ គឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុត។
ជាមួយការគំរាមប្រើអាវុធនុយក្លេអ៊ែរ លោក ពូទីន មានគោលដៅសំខាន់២។ ទីមួយគឺបំភ័យ ឬកំញើញកុំឱ្យសហរដ្ឋអាមេរិក និងណាតូធ្វើអន្តរាគមន៍ដោយផ្ទាល់ជួយអ៊ុយក្រែន និងទី២ គឺបង្ខំឱ្យលោកខាងលិចបញ្ឈប់ការផ្ដល់អាវុធឱ្យអ៊ុយក្រែន ព្រមទាំងបង្ខំឱ្យទីក្រុងកៀវ ត្រឡប់មករកតុចរចាសន្តិភាពដែលអំណោយផលដល់រុស្ស៉ី។ ក្រុមមន្ត្រីជំនាញមួយ ចំនួនរបស់រុស្ស៉ីធ្លាប់បានផ្ដល់យោបល់ឱ្យបំផ្ទុះអាវុធនុយក្លេអ៊ែរតាក់ទិក នៅឯតំបន់ដាច់ស្រយាលណាមួយដូចជានៅតំបន់សមុទ្រខ្មៅ ជាការកំញើញ ឬក៏ប្រើប្រាស់អាវុធប្រភេទនេះ ប្រឆាំងនឹងមូលដ្ឋានទ័ពណាមួយរបស់អ៊ុយក្រែនតែម្ដង។ អាវុធនុយក្លេអ៊ែរតាក់ទិកខុសពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តត្រង់ថា វាមានទំហំតូចជាង។ ជាទូទៅ អាវុធនុយក្លេអ៊ែរតាក់ទិក ត្រូវបានគេបង្កើតឡើងសម្រាប់ប្រើក្នុងសមរភូមិប្រយុទ្ធ និងក្នុងរយៈចម្ងាយតិចជាង ៥,០០០គីឡូម៉ែត្រ។ ចំណែកឯ អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត វិញ ភាគច្រើនគឺគេបំពាក់នៅលើមីស៊ីលអន្តរទ្វីប សម្រាប់បាញ់ចេញទៅទីកន្លែងឆ្ងាយៗ។
តែទោះជាអាវុធនុយក្លេអ៊ែរតាក់ទិកអាចប្រើសម្រាប់ចម្ងាយជិត ឬ ក្នុងសមរភូមិ តែមិនប្រាកដថាវាមានកម្លាំងបំផ្លាញតិចជាងគ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្រ្ត នោះដែរដោយ វានៅតែអាចបង្កមហន្តរាយសម្លាប់មនុស្សដូចតែគ្នា។ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ បាននិយាយថាប្រសិនបើរុស្ស៉ីត្រូវបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង អ៊ុយក្រែនពិតមែន នោះណាតូនឹងមិនហ៊ានធ្វើឱ្យអន្តរាគមន៍យោធាដោយផ្ទាល់នោះទេ ដោយសារតែពួកគេខ្លាចផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។
ការលើកឡើងបែបនេះ វាក៏មិនមែនខុសទាំងស្រុងនោះដែរ ដ្បិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងជារឿយៗថាការបញ្ចៀសសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៉ី គឺជាអាទិភាពមួយរបស់លោក។ ជាការពិតណាស់ ដូចដែលអ្នកជំនាញបានលើកឡើងអាវុធទូទៅធម្មតារបស់លោកខាងលិចដែលផ្ដល់ឱ្យអ៊ុយក្រែន វាមាន ប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៉ី តែបើនិយាយពីអាវុធនុយក្លេអ៊ែរវាជារឿងផ្សេងមួយទៀត។ រុស្ស៉ីត្រូវបានគេវាយតម្លៃថាមានគ្រាប់បែកនុយក្លេអ៊ែរសរុប ៥,៩៩៧គ្រាប់ ហើយក្នុងនោះមាន១,៥៨៨គ្រាប់ត្រូវបានដាក់ពង្រាយ និងបំពាក់រួចជាស្រេចនៅលើមីស៊ីលផ្លោងអន្តរទ្វីប និងយន្ដហោះទម្លាក់គ្រាប់បែក។
ក្នុងន័យនេះទោះបីជាលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីអ៊ុយក្រែនក៏ដោយ ក៏មិនប្រាកដថាសហរដ្ឋអាមេរិកនឹងដឹកនាំណាតូធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីភ្លាមៗ នោះដែរ ហើយណាមួយបើអាវុធនេះត្រូវបានប្រើពិតមែន អ្នកដែលមានជម្រើសច្រើនគឺសហរដ្ឋអាមេរិកទៅវិញដោយមិនចាំបាច់ធ្វើអន្តរាគន៍ដោយផ្ទាល់ទេ។ ទីក្រុង វ៉ាស៊ីនតោននឹង មានឱកាសបញ្ចុះបញ្ចូលឱ្យអឺរ៉ុបបង្កើនការបញ្ជូនអាវុធទំនើបៗឱ្យអ៊ុយក្រែន, ជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដី និងធ្វើឱ្យមូស្គូកាន់តែឯកោនៅលើឆាកអន្តរជាតិ ពីព្រោះថាសូម្បីតែចិន ឬឥណ្ឌា ឬក៏ប្រទេសដទៃទៀតដែលមានទំនាក់ទំនងល្អជាមួយ រុស្ស៉ី ក៏នឹងមិនមានហេតុផលត្រូវឈរនៅស្ងៀមមិនអើពើចំពោះទង្វើបែបនេះរបស់រុស្ស៉ីទៀតនោះដែរ។
សម្រាប់សហរដ្ឋអាមេរិក គូប្រជែងធំបំផុតរបស់ខ្លួន មិនមែនរុស្ស៉ីនោះទេ តែគឺចិន។ ដូច្នេះបើសង្រ្គាមរវាងណាតូ និងរុស្ស៉ីផ្ទុះឡើង សហរដ្ឋអាមេរិកដឹងយ៉ាងច្បាស់ថាអ្នកដែលអង្គុយ រង់ចាំទទួលផលគឺមានតែចិន ហើយរឿងដែលអាមេរិកបារម្ភបំផុតនោះខ្លាចចិនឆ្លៀតឱកាសប្រើកម្លាំងយោធាវាយកាន់កាប់តៃវ៉ាន់។ ពោលគឺសហរដ្ឋអាមេរិក មានភាគរយតិចណាស់ ដែលអាចឈ្នះនៅក្នុងសង្រ្គាមជាមួយចិនផង និងរុស្ស៉ីផង។ ដ្បិត សង្រ្គាមជាមួយមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៉ី នឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវប្រមូលកងទ័ព និងធនធាន មកពីគ្រប់ទិសទី ដើម្បីតតាំងជាមួយទីក្រុងមូស្គូ រីឯអឺរ៉ុបក៏មិនអាចបញ្ជូនកងទ័ពឱ្យមកជួយអាមេរិកប្រយុទ្ធជាមួយចិន នៅតៃវ៉ាន់បាននោះដែរ។ មួយវិញទៀត បើទោះជាអាមេរិក ចង់ក៏ដោយ ក៏បណ្ដាប្រទេសអឺរ៉ុបមួយចំនួនដូចជាហុងគ្រី បារាំង និងអាល្លឺម៉ង់ ដែលសុទ្ធសឹងតែមិនមានឆន្ទៈនយោបាយម៉ឺងម៉ាត់ក្នុងការប្រឈមមុខជាមួយលោក ពូទីន ក៏នឹងមិន យល់ព្រមចំពោះការធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីនោះដែរ។ ព្រោះពួកគេដឹងយ៉ាងច្បាស់ពីទំហំនៃមហន្តរាយ ហើយក៏មិនហ៊ានយកអាយុជីវិតប្រជាជនរបស់ពួកគេទៅប្រថុយ នឹងគ្រោះថ្នាក់ ដើម្បីតែការពារអ៊ុយក្រែននោះដែរ ដោយអ្វីដែលពួកគេចង់បាន នោះគឺជួយឱ្យអ៊ុយក្រែនអាចចរចាជាមួយរុស្ស៉ី ក្នុងលក្ខខណ្ឌដែលអាចទទួលយក៕