(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ញៀននឹងទណ្ឌកម្ម និងបង្ហាញអាកប្បកិរិយា «ស្ថាបនា» ប្រសិនបើខ្លួនចង់ស្វែងរកការសម្រេចបាន នូវកិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ពិតប្រាកដមែន។ នេះបើយោងតាម នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំង នឹងទីក្រុងតេហេរ៉ង់បានបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទទួលរងពីភាពមិនស៊ីសង្វាក់គ្នា និងការបែកបាក់ ហើយបរាជ័យក្នុងការមានឆន្ទៈនយោបាយ សម្រាប់ការបន្តការចរចានុយក្លេអ៊ែរ។
លោកបានចង្អុលបង្ហាញថា កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម គឺកំពុងបន្តធ្វើតាមរយៈសហភាពអឺរ៉ុប ជាអ្នកសម្របសម្រួលការចរចា ខណៈសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានផ្តល់ឱកាសដ៏ល្អ សម្រាប់កិច្ចពិភាក្សាលើបញ្ហា និងសារប្រយោលដែលផ្លាស់ប្តូររវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោននៅខាងក្រៅជំនួបផ្លូវការ។
អ៊ីរ៉ង់ នៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង «ល្អ និងរឹងមាំ» ក៏ដូចជាលទ្ធផលវិជ្ជមាន ហើយបានបញ្ជូនការឆ្លើយតបរបស់ខ្លួន ចំពោះសេចក្តីព្រាងចុងក្រោយដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ៕