(អូស្លូ)៖ យោធាន័រវែសនាថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានដាក់ពង្រាយទាហានដើម្បីឱ្យជួយការពារ មូលដ្ឋានប្រេងនិងឧស្ម័នសំខាន់ៗ នៅក្នុងប្រទេស ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹងសន្តិសុខ នៅចំពោះការសង្ស័យថា អំពើវិច្ឆេតកម្ម (ការបំផ្លាញ) គឺនៅពីក្រោយហេតុការណ៍លេចធ្លាយជាបន្តបន្ទាប់ នៃបំពង់ឧស្ម័ន Nord Stream កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
ចំណុចមួយចំនួននៃបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលរត់កាត់ក្រោមសមុទ្របាល់ទិច (Baltic Sea) ពីប្រទេសរុស្ស៉ី មកកាន់អឺរ៉ុប បានលេចធ្លាយជាបន្តបន្ទាប់ នៅក្បែរឆ្នេរនៃប្រទេសដាណឺម៉ាកនិងន័រវែស កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។ ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញថាមានសញ្ញានៃការបំផ្ទុះនៅក្នុងតំបន់ ហើយប៉ូលិសនៃប្រទេសមួយចំនួន បានបើកការស៉ើបអង្កេត ខណៈករណីទាំងនោះ ត្រូវបានសង្ស័យជា អំពើបំផ្លិចបំផ្លាញដោយចេតនា ប៉ុន្តែមិនច្បាស់ថាភាគីណាជាអ្នកប្រព្រឹត្តឡើយ។
ភ្លាមៗកាលពីសប្តាហ៍មុន ន័រវែសដែលជាប្រទេសផ្គត់ផ្គង់ឧស្ម័នធំបំផុត និងជាប្រទេសនាំចេញប្រេងធំមួយរបស់អឺរ៉ុប បានចល័តកងកម្លាំងជើងទឹក និងជើងអាកាសរបស់ខ្លួន ឱ្យទៅល្បាតនៅតាមមូលដ្ឋានរុករកប្រេងនៅលើផ្ទៃសមុទ្រ ហើយបានប្រកាសថា ខ្លួនក៏នឹងទទួលបានការជួយជ្រោមជ្រែងពី ចក្រភពអង់គ្លេស, អាល្លឺម៉ង់ និងបារាំង ក្នុងការធ្វើយ៉ាងដូច្នោះផងដែរ។
ដោយឡែក នៅថ្ងៃចន្ទនេះ ដោយមានការស្នើសុំពីប៉ូលិសន័រវែស កងកម្លាំងឆ្មាំការពារជាតិន័រវែស បានចាប់ផ្តើមដាក់ពង្រាយទាហាននៅតាមរោងចក្រនានា ដែលទទួលបន្ទុកចម្រាញ់ក៏ដូចជានាំចេញប្រេងនិងឧស្ម័ន។ រដ្ឋាភិបាលន័រវែសបាននិយាយថា ទោះនាពេលនេះហាក់មិនមានការគំរាមកំហែងចំៗណាមួយ ចំពោះហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័ននៅក្នុងប្រទេសក៏ដោយ ខ្លួននៅតែយល់ថាវាគឺជារឿងចាំបាច់មួយ ក្នុងការបង្កើនសន្តិសុខដើម្បីរំសាយក្តីបារម្ភ ក្នុងចំណោមអ្នកធ្វើការនៅតាមមូលដ្ឋានប្រេងនិងឧស្ម័នទាំងនោះ។
គួរបញ្ជាក់ថា អ្នកនាំពាក្យកងកម្លាំងឆ្មាំការពារជាតិន័រវែស មិនសុំមិនបង្ហើបឱ្យដឹងអំពីចំនួនកងទ័ព ដែលត្រូវបានដាក់ពង្រាយឡើយ ក្រោមហេតុផលក្តីបារម្ភផ្នែកសន្តិសុខ៕