(ញូដេលី)៖ កងទ័ពអាកាសឥណ្ឌា (IAF) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ខ្លួនបានចល័តយន្តហោះចម្បាំងប៉ុន្មានគ្រឿង ក្រោយទទួលបានដំណឹងនៃការបំភ័យអំពីគ្រាប់បែក នៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿង មានប្រភពមកពីប្រទេសអ៉ីរ៉ង់ ដែលធ្វើដំណើរឆ្លងកាត់ដែនអាកាសប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
កងទ័ពអាកាសឥណ្ឌាបានបន្តថា ក្រោយមកខ្លួនទទួលបានព័ត៌មានពីរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់ថា កុំបាច់ខ្វល់ចំពោះការបំភ័យអំពីគ្រាប់បែកនោះឡើយ ព្រោះវាមិនមែនជាការពិត ហើយជើងហោះហើរក៏បានបន្តដំណើរជាធម្មតា។ យ៉ាងណាក្តី ក្រុមយន្តហោះចម្បាំងឥណ្ឌា បានហោះអមតាមយន្តហោះដឹកអ្នកដំណើរនោះពីចម្ងាយ ហើយយន្តហោះដដែល ក៏ត្រូវបានផ្តល់ជម្រើសឱ្យចុះចត នៅព្រលានយន្តហោះ២កន្លែង ក្នុងតំបន់ភាគពាយព្យប្រទេសឥណ្ឌាផងដែរ ប៉ុន្តែពីឡុតយន្តហោះនោះ បានបង្ហាញឆន្ទៈមិនចង់ធ្វើយ៉ាងដូច្នោះឡើយ។
គួរបញ្ជាក់ថា យោងតាមការបង្ហាញទិន្នន័យ ពីវែបសាយតាមដានជើងហោះហើរ FlightRadar24 ជើងហោះហើរលេខ W581 របស់អាកាសចរណ៍អ៉ីរ៉ង់ Mahan Air ដែលមានប្រភពចេញពីទីក្រុងតេហេរ៉ង់ ហើយមានគោលដៅចុះចតនៅទីក្រុងក្វាងចូវ (Guangzhou) នៃប្រទេសចិន បានហោះក្រឡឹងទៅមកជាច្រើនជុំ នៅលើដែនអាកាសនៃតំបន់ប៉ែកខាងជើងប្រទេសឥណ្ឌា ភាគខាងលិចពីរដ្ឋធានីញូដេលី មុនពេលបន្តហោះឆ្លងកាត់ឥណ្ឌា ចូលទៅដល់ដែនអាកាសរបស់មីយ៉ាន់ម៉ា។ យ៉ាងណាក្តី ខាងកងទ័ពអាកាសឥណ្ឌា មិនបានបញ្ជាក់ច្បាស់អំពី លេខជើងហោះហើរនៃយន្តហោះដឹកអ្នកដំណើរ ដែលក្រុមយន្តហោះចម្បាំងឥណ្ឌា ត្រូវបានចល័តឱ្យទៅហោះអមនោះឡើយ៕