(តៃប៉ិ)៖ នៅថ្ងៃចន្ទនេះ តៃវ៉ាន់បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាននិងកម្សាន្តជាភាសាអង់គ្លេស ទីមួយរបស់ខ្លួន ដើម្បីបង្កើនសំឡេងឱ្យកាន់តែធំជាងមុននៅលើឆាកអន្តរជាតិ ក្នុងគ្រាដែលទីក្រុងតៃប៉ិកំពុងបន្តទទួលរងសម្ពាធ​ពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

ប៉ុស្តិ៍ទូរទស្សន៍ TaiwanPlus ដែលគាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការជាបណ្តើរៗ កាលពីឆ្នាំ២០២១ ក្នុងទម្រង់ជាប៉ុស្តិ៍ទូរទស្សន៍អនឡាញមួយ ហើយទទួលបានការជ្រោមជ្រែងជាខ្លាំង ពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខាងលើ លោកស្រី សៃ បាននិយាយថា ប៉ុស្តិ៍ទូរទស្សន៍នេះ នឹងជួយតៃវ៉ាន់ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសដែលប្រកាន់ខ្ជាប់គុណតម្លៃស្នូល នៃសេរីភាពនិងប្រជាធិបតេយ្យ ដូចគ្នានឹងតៃវ៉ាន់។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា «រឿងរ៉ាវរបស់តៃវ៉ាន់ គួរតែត្រូវបានចែករំលែកជាមួយពិភពលោក។ ស្របពេលដែលមនុស្សកាន់តែច្រើន នាំគ្នាចាប់អារម្មណ៍មកលើតៃវ៉ាន់ ការដែលយើងមានមធ្យោបាយ ដើម្បីជួយផ្សព្វផ្សាយតៃវ៉ាន់ ទៅកាន់ឆាកអន្តរជាតិ ក៏ជារឿងកាន់តែសំខាន់ផងដែរ»

គួរបញ្ជាក់ថា សម្រាប់បច្ចុប្បន្ន ប៉ុស្តិ៍ទូរទស្សន៍ TaiwanPlus គឺមានតែនៅលើកោះតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែរដ្ឋមន្រ្តីវប្បធម៌របស់តៃវ៉ាន់ បានបង្ហើបឱ្យដឹងថា ទីក្រុងតៃប៉ិកំពុងមានផែនការពង្រីកវា ទៅដល់សហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែខាងមុខ។ ទន្ទឹមគ្នានេះ តៃវ៉ាន់ក៏មានបណ្តាញសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេស មួយចំនួនរួចស្រេចផងដែរ ក្នុងនោះសារព័ត៌មានដែលលេចធ្លោជាងគេគឺ Taipei Times ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩៕