(បាគូ)៖ រដ្ឋមន្រ្តីការបរទេសអាស៊ៃបៃហ្សង់ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ខ្លួនបានស្នើឲ្យមានការជំរុញកិច្ចពិភាក្សាជាមួយភាគីអាមេនី ដែលបានព្រមព្រៀងគ្នាថានឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ដោយផ្លាស់ប្តូរមករៀបចំនៅក្នុងខែតុលានេះតែម្តង ដើម្បីដោះស្រាយភាពតានតឹងតាមព្រំដែនរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសអាស៊ៃបៃហ្សង់ និងអាមេនី បានជួបគ្នា​នៅក្នុងទីក្រុងហ្សឺណែវ (Geneva) នៃប្រទេសស្វីស បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត រវាងប្រទេសអតីតរដ្ឋសូវៀតទាំងពីរ គិតចាប់តាំងពីឆ្នាំ២០២០មក ដោយបានសម្លាប់មនុស្សជាង២០០នាក់ កាលពីខែកញ្ញា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាស៊ៃបៃហ្សង់ បានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំខាងលើនេះ ភាគីអាស៊ៃបៃហ្សង់បានស្នើរៀបចំកិច្ចប្រជុំបន្ទាប់ រវាងគណៈកម្មាការទ្វេភាគី ស្តីពីការកំណត់ព្រំដែននៅក្នុងខែតុលានេះ មិនមែននៅខែវិច្ឆិកា ដូចដែលធ្លាប់បានព្រមព្រៀងគ្នានោះទេ ដោយសម្អាងលើភាពតានតឹងនៅតាមព្រំដែន ដែលមិនទាន់បានកំណត់ច្បាស់លាស់។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពអាស៊ៃបៃហ្សង់ និងអាមេនី ពាក់ព័ន្ធនឹងអរិភាពដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ជុំវិញការគ្រប់គ្រងតំបន់ណាហ្កណូ-ការ៉ាបាកហ៍ (Nagorno-Karabakh) ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ៃបៃហ្សង់ ប៉ុន្តែពោរពេញទៅដោយជនជាតិដើមអាមេនីរស់នៅ៕