(ហ្សេរុយសារឡិម)៖ អង្គការការពារសិទ្ធិមនុស្សមួយ នៅក្នុងប្រទេសអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អ៉ីសា្រអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីន ជិត៨០០នាក់ ដោយគ្មានការជំនុំជម្រះ ឬចោទប្រកាន់ណាមួយឡើយ ដែលនេះជាតួលេខមួយខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨មក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

អង្គការសិទ្ធិមនុស្សមានឈ្មោះ ហាម៉ុក (HaMoked) ដែលតែងតែប្រមូលតួលេខពីអាជ្ញាធរពន្ធនាគារអ៉ីស្រាអែល បានឲ្យដឹងថាជនជាតិប៉ាឡេស្ទីនចំនួន ៧៩៨នាក់ បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងរដ្ឋបាល ដែលជាការអនុវត្តការឃុំខ្លួនអ្នកទោស ក្នុងរយៈពេលច្រើនខែ ដោយមិនចាំបាច់មានភស្តុតាង ការជំនុំជម្រះ ឬការចោទប្រកាន់ នោះឡើយ។ ចំនួនអ្នកជាប់ឃុំខ្លួននៅមន្ទីរឃុំឃាំងរដ្ឋបាល បានកើនឡើងជាលំដាប់នៅឆ្នាំនេះ ខណៈអ៉ីស្រាអែលបានធ្វើ ការវាយឆ្មក់ចាប់ខ្លួនជនប៉ាឡេស្ទីន ពេលយប់នៅក្នុងតំបន់ West Bank ចាប់តាំងពីដើមឆ្នាំ២០២២នេះមក។

អ៉ីស្រាអែល បានអះអាងថា ខ្លួនប្រើការឃុំឃាំងរដ្ឋបាលនេះ ដើម្បីរារាំងការវាយប្រហារ និងរារាំងក្រុមសកម្មប្រយុទ្ធដ៏គ្រោះថ្នាក់ តែមិនបង្ហាញពី របាយការណ៍ការស៊ើបអង្កេតដ៏រសើបនេះឡើយ។

គួរបញ្ជាក់ថា បើតាមក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរប៉ាឡេស្ទីន, ជនជាតិប៉ាឡេស្ទីនខ្លះត្រូវជាប់ពន្ធនាគាររាប់ខែ ឬរាប់ឆ្នាំ ដោយអ្នកខ្លះបានធ្វើកូដកម្មអត់អាហារ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ការឃុំខ្លួនរបស់ពួកគេ ដែលជារឿយៗជំរុញឲ្យមានភាពតានតឹងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕