(សៅប៉ូឡូ)៖ ការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីល នឹងត្រូវឈានចូលដល់ជុំទី២ ខណៈមេដឹកនាំឆ្វេងនិយម លោក លូអ៉ីស អ៉ីណាស្យូ លូឡា ដាស៉ីលវ៉ា (Luiz Inácio Lula da Silva) នឹងត្រូវប្រកួតប្រជែងជាមួយលោក ហ្សាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ដែលជាកំពុងកាន់តំណែងជាប្រធានាធិបតី ប្រេស៊ីលសព្វថ្ងៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើម្បីសម្រេចចិត្តថាតើក្នុងចំណោមអ្នកទាំងពីរ មួយរូបណាដែលគួរតែក្លាយជាមេដឹកនាំថ្មីរបស់ប្រេស៊ីល។
គួរបញ្ជាក់ថា នៅក្នុងករណីដែលគ្មានបេក្ខជនប្រធានាធិបតីណាម្នាក់ អាចទទួលបានសំឡេងគាំទ្រ ៥០ភាគរយទេ នោះការបោះឆ្នោតនឹងត្រូវបន្តធ្វើនៅជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលានេះ៕