(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសពីជ័យជម្នះ ក្នុងការវាយយកបានទីក្រុងឡាយមិន (Lyman) ទាំងស្រុងពី កងទ័ពរុស្ស៉ីមកវិញ ខណៈកងកម្លាំងអ៊ុយក្រែននៅតែបន្តជឿនលឿនទៅមុខនៅឯសមរភូមិសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។

Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរបស់លោកក៏បានរំដោះទីក្រុង អាខាន់ហែលស្គេ (Arkhanhelske) និងទីក្រុងម៉ាយរ៉ូលយូបីវកា (Myrolyubivka) នៃតំបន់ខឺសុនផងដែរ។

ដោយឡែក អគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) ក៏បានលើកឡើងដែរថាការវាយយកបានទីក្រុង Lyman មកវិញ បង្ហាញយ៉ាងច្បាស់ថាអ៊ុយក្រែនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអាចប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិចប្រកបដោយ ប្រសិទ្ធភាព។

ខាងយោធារុស្ស៉ី មិនបាននិយាយពីទីក្រុង Lyman ឡើយ នៅក្នុងការធ្វើបច្ចុប្បន្នភាពពីសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បើទោះជាទទួលស្គាល់ថា បានដកកងទ័ពចេញពីទីក្រុងមួយនេះ ហើយអះអាងថាកម្លាំងរបស់ខ្លួនបានបំផ្លាញកាំភ្លើងធំ៧គ្រឿង និងឃ្លាំងស្ដុកមីស៊ីលរបស់អ៊ុយក្រែន នៅក្នុងតំបន់ ខាកៀវ ហ្សាប៉ូរីសហ្ស៉ីយ៉ា ម៉ាយកូឡេវ និងដូណេតក៏ដោយ៕