(ផ្ល័រីដា)៖ អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារព្យុះហឺរីខិន Ian បានកើនដល់ ៨៧នាក់ហើយ គិតត្រឹម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈព្យុះដ៏កំណាចនេះត្រូវបានគេវាយតម្លៃថាបានបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
បើតាមអាជ្ញាធរអាមេរិក អ្នកស្លាប់ចំនួន ៨៣នាក់ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Florida ជាទីដែលព្យុះព្យុះហឺរីខិន Ian បានបំប្លែងខ្លួនជា ព្យុះហឺរីខិនកម្រិតទី៤ កាលពីថ្ងៃពុធសប្ដាហ៍មុន។ ចំណែកឯ មនុស្ស៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ North Carolina ហើយរដ្ឋ South Carolina ជាទីដែលព្យុះមួយនេះបានបក់បោកទៅដល់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់នៅឡើយទេ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស្រី ជៀល បៃដិន (Jill Biden) បានប្រកាសថាអ្នកទាំង២ នឹងបំពេញទស្សនកិច្ច ទៅកាន់តំបន់ដែលរងការបំផ្លិចបំផ្លាញដោយព្យុះព្យុះហឺរីខិន Ian នៅក្នុងសប្ដាហ៍នេះ៕