(ស៊ុយអែត)៖ ប្រទេសស៊ុយអែតបានអនុញ្ញាតឡើងវិញ នូវការនាំចេញសម្ភារៈសង្គ្រាមទៅកាន់ប្រទេសតួកគី ក្នុងសម្បទានជាក់ស្តែងមួយដល់ទីក្រុងអង់ការ៉ា ដែលគំរាមកំហែងរារាំងសមាជិកភាពណាតូរបស់ក្រុមប្រទេស Nordic ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។
ទីក្រុងអង់ការ៉ា បានស្នើសុំការដកការរឹតបន្តឹងដែលត្រូវបានណែនាំក្នុងឆ្នាំ២០១៩ បន្ទាប់ពីការវាយលុករបស់តួកគីនៅភាគឦសានប្រទេសស៊ីរី ខណៈដែលស៊ុយអែតបានដាក់ពាក្យសុំចូលរួមជាសមាជិកអង្គណាតូកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។
សេវាកម្មត្រួតពិនិត្យផលិតផលយុទ្ធសាស្ត្របាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានវាយតម្លៃថា សមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការណាតូ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរក្សាស៊ុយអែត និងប្រជាជនស៊ុយអែតឱ្យមានសុវត្ថិភាព។
អាជ្ញាធរស៊ុយអែតបាននិយាយថា «ពាក្យសុំរបស់ប្រទេសស៊ុយអែត សម្រាប់ការចូលជាសមាជិកអង្គការណាតូ បានពង្រឹងយ៉ាងខ្លាំងនូវទឡ្ហីករណ៍គោលនយោបាយការពារជាតិ និងសន្តិសុខ សម្រាប់ការអនុម័តការនាំចេញសម្ភារៈសង្គ្រាម ទៅកាន់ប្រទេសសមាជិកផ្សេងទៀតរួមទាំងប្រទេសតួកគីផងដែរ»៕