(ប៉េកាំង)៖ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកលើកដំបូង បានបើកធ្វើនៅក្រុងវ៉ាស៊ីនតោន។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងថា គោលបំណងនៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានប្រកាសថា នឹងផ្តល់ជំនួយបន្ថែមលើសពី៨រយ ១០លានដុល្លារអាមេរិក ដល់ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចផ្នែកសមុទ្រជាដើម ។

ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរៀបចំកម្រាលព្រំក្រហម និងប្រាក់ដុល្លារអាមេរិកសម្រាប់មេដឹកនាំ នៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកដើម្បី «ទប់ទល់នឹងកម្លាំងឥទ្ធិពលរបស់ចិន ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក»។ ប្រសិនបើអាមេរិកចង់ជួយប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ទទួលបានការអភិវឌ្ឍដោយចិត្តស្មោះ នោះគួរតែធ្វើឱ្យបានល្អនូវរឿងយ៉ាងហោចណាស់ចំនួន ៤។

ទីមួយ ជំនួយដែលអាមេរិកបានសន្យាត្រូវទម្លាក់ពិតប្រាកដ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនបានផ្តល់ជំនួយជាប្រាក់ដ៏ច្រើនសន្ធឹក ដល់មជ្ឈិមបូព៌ា អាមេរិកឡាទីននិងអាស៊ានជាដើម ប៉ុន្តែយោងតាមលទ្ធផល នៃការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធបានបង្ហាញថា តាមពិតទៅ បា្រក់ទុនដែលបានយកមកប្រើប្រាស់ គឺមានកម្រិតណាស់។

ទីពីរ ទាក់ទិននឹងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ អាមេរិកចាំបាច់ត្រូវអនុវត្ត តាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាកាសធាតុសកលឡើងកម្តៅ និងការឡើងខ្ពស់នៃនីវ៉ូទឹកសមុទ្រ បានជាប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីខ្យល់ព្យុះសង្ឃរានិងរលកស៊ូណាមិ ហើយប្រទេសខ្លះសឹងតែ ប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវទឹកសមុទ្រលិចទៀតផង។ ដោយសារហេតុនេះ មេដឹកនាំនៃប្រទេសកោះនៅ មហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញជាសាធារណៈជាច្រើនលើកថា អ្វីដែលពួកគេយកចិត្តទុកដាក់មិនមែនជា ភូមិសាស្ត្រនយោបាយនោះទេ តែគឺជាបម្រែបម្រួលអាកាសធាតុ។

យ៉ាងណាមិញ ទោះបីជាក្នុងនាមជាប្រទេសរីកលូតលាស់ជាងគេ នៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែអាមេរិកបែរជាទទួលបរាជ័យ ក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ធំជាងគេ នៅលើពិភពលោក គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកនៅមិនទាន់អនុវត្តតាមពាក្យសន្យារបស់ខ្លួន ដែលបានធ្វើឡើងក្នុងមហាសន្និបាតអាកាសធាតុក្រុង Copenhagen កាលពីឆ្នាំ២០០៩ នៅឡើយទេ។

ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកត្រូវចាត់ប្រតិបតិ្តការយ៉ាងប្រាកដប្រជា ក្នុងបញ្ហាការពារនិងថែរក្សាបរិវេណសមុទ្រ។ ប្រទេសជប៉ុនដែលជារដ្ឋសមាជិកនៃ «ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ» (ហៅកាត់ PBP) មិនអើពើនឹងការប្រឆាំងជាសកល ចចេសអនុវត្តផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ អាមេរិកបែរជាបណ្តែតបណ្តោយ និងយល់ព្រមដោយលួចលាក់ ចំពោះទង្វើបែបនេះ។

សូមបញ្ជាក់ថា ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកសុទ្ធតែជា ប្រទេសឯករាជ្យដែលមានអធិបតេយ្យភាព តែមិនមែនជា «ទីធ្លាខាងក្រោយ» របស់អ្នកណានោះឡើយ។ បើសិនជាអាមេរិកពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ទទួលបានការអភិវឌ្ឍ នោះ គួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការដែលមានសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយប្រទេសកោះទាំងនេះព្រម និងគោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសកោះទាំងនេះ ក្នុងការប្រាស្រ័យទាក់ទងជាមួយ ក្រៅប្រទេសដោយឯករាជ្យម្ចាស់ការ តែមិនមែនគិតតែកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ និងអមលក្ខខណ្ឌនយោបាយគ្រប់បែបយ៉ាងនោះឡើយ។ អ្វីដែលប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូវការបំផុត មិនមែនជាចេតនាអាក្រក់នោះទេ តែគឺជាចិត្តស្មោះត្រង់៕

វិទ្យុមិត្តភាពកម្ពុជាចិន