(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក អូស្រ្តាលី និងជប៉ុន បានបង្ហាញគោលជំហរឯកភាពគ្នាថា ភាគីទាំង៣ត្រូវតែបន្តប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការយោធារវាងគ្នានិងគ្នា នៅចំពោះមុខការកើនឡើងនៃមហិច្ឆតាចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
ក្នុងឱកាសទទួលស្វាគមន៍សមភាគីរបស់លោក មកពីអូស្រ្តាលីនិងជប៉ុន នៅឯទីស្នាក់ការកណ្តាលរបស់យោធាអាមេរិក ប្រចាំនៅតំបន់ប៉ាស៉ីហ្វិក រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានលើកឡើងដូច្នេះថា «យើងមានក្តីបារម្ភជាខ្លាំង ដោយសារតែអាកប្បកិរិយាកោងកាចនិងគំរាមកំហែង កាន់តែខ្លាំងឡើងៗរបស់ចិន នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាកន្លែងដទៃទៀតនៅក្នុងតំបន់»។
នាឱកាសនោះ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយយ៉ាងដូច្នេះថា «ផលប្រយោជន៍ពួកយើង គឺស្ថិតនៅក្នុងការប្រកាន់ខ្ជាប់សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់អន្តរជាតិ។ ប៉ុន្តែសព្វថ្ងៃយើងមើលឃើញថា សណ្តាប់ធ្នាប់នេះ កំពុងតែស្ថិតក្រោមសម្ពាធនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ស្របពេលដែលចិនកំពុងតែព្យាយាម ពត់ពែនពិភពលោក ទៅតាមបំណងរបស់ខ្លួន ក្នុងរបៀបដែលពួកយើង មិនធ្លាប់ជួបប្រទះពីមុនមកឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ត្រូវគេសង្កេតឃើញកំពុងខិតខំបង្កើនកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ទល់ជាមួយឥទ្ធិពលចិន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោនបានប្រកាសកញ្ចប់ជំនួយទំហំ ៨១០លានដុល្លារ សម្រាប់បណ្តាប្រទេសដែនកោះនៅប៉ាស៉ីហ្វិក។ រីឯកាលពីសប្តាហ៍មុន អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស ទើបតែបានទៅបំពេញទស្សនកិច្ច នៅឯប្រទេសជប៉ុននិងកូរ៉េខាងត្បូង ហើយនិយាយថាសហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពដោយឥតមានភាពភ័យខ្លាច និងការស្ទាក់ស្ទើរនោះឡើយ នៅទូទាំងតំបន់អាស៉ី រួមទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ៕