(តៃប៉ិ)៖ សមាជិកសភាអាល្លឺម៉ង់មួយក្រុម បានធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ ទោះទីក្រុងប៉េកាំងតែងប្រកាន់ជំហរជំទាស់ ជានិច្ចក៏ដោយក្តី ប្រឆាំងនឹងដំណើរទស្សនកិច្ចនានារបស់ក្រុមមន្រ្តីបរទេស មកកាន់ដែនកោះមួយនេះ ក្រោមហេតុផលថា ការធ្វើយ៉ាងដូច្នោះគឺបំពានគោលនយោបាយចិនតែមួយ ក៏ដូចជាអធិបតេយ្យរបស់ចិនលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
ក្រសួងការបរទេសតៃវ៉ាន់ កាលពីព្រឹកថ្ងៃអាទិត្យនេះ បានបង្ហោះសារលើបណ្តាញ Twitter ស្វាគមន៍សមាជិកសភាអាល្លឺម៉ង់ទាំង៦រូប ហើយថែមទាំងបានលើកឡើងថា ពេលវេលានិងចម្ងាយ គឺមិនអាចធ្វើឱ្យថមថយពន្លឺមិត្តភាព នៃភាគីទាំងពីរបានឡើយ។ ប្រតិភូអាល្លឺម៉ង់ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំផ្សេងៗជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ កំលុងទស្សនកិច្ចជិតមួយសប្តាហ៍របស់ខ្លួននេះ គឺរួមមានទាំងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន, រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់, រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ហើយនិងប្រធានសភាតៃវ៉ាន់។
គួរបញ្ជាក់ថា ខាងលើគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយក្រុមសមាជិកសភាអាល្លឺម៉ង់ នៅតៃវ៉ាន់ គិតចាប់តាំងតែពីវិបត្តិកូវីដ១៩ បានផ្ទុះឡើងមក។ តំណាងតៃវ៉ាន់ប្រចាំទីក្រុងបែរឡាំង បានអញ្ជើញក្រុមសមាជិកសភាអាល្លឺម៉ង់ ឱ្យទៅទស្សនកិច្ចនៅទីក្រុងតៃប៉ិ កាលពីខ្ទង់ដើមខែសីហាកន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី។
ទស្សនកិច្ចកាលពីថ្ងៃទី២-៣ ខែសីហា របស់លោកស្រី ផេឡូស៉ី ដែលជាមន្រ្តីកំពូលលំដាប់ទី៣ របស់សហរដ្ឋអាមេរិក បានបង្កឱ្យចិនខឹងសម្បារជាខ្លាំង។ នាពេលនោះ ទីក្រុងប៉េកាំងបានប្តេជ្ញាចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនថ្ងៃ នៅក្បែរតៃវ៉ាន់។ មិនតែប៉ុណ្ណោះ ចិនថែមទាំងបានព្រមានថា អ្នកដែលដើរតាមឧទាហរណ៍ នៃការលលេងជាមួយភ្លើងរបស់អាមេរិក ក៏នឹងត្រូវទទួលរងផលវិបាកផងដែរ៕