(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ីនារសៀលថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត ក្រោយហេតុការណ៍​រត់ជាន់គ្នា នៅកីឡដ្ឋានបាល់ទាត់មួយកន្លែង ក្នុងខេត្តជ្វាខាងកើត (East Java) ដែលបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ គឺកើនដល់១៧៤នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។

កាលពីយប់ថ្ងៃសៅរ៍ ក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយបានបញ្ចប់ទៅ ក្នុងកីឡដ្ឋានមួយកន្លែង នៅទីក្រុងម៉ាឡាង (Malang) នៃខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៉ី ក្រុមអ្នកគាំទ្រស្រាប់តែបាននាំគ្នា សម្រុកចូលលុកលុយទីលាន។ ជាចំណាត់ការឆ្លើយតប កងកម្លាំងប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរ ដើម្បីបំបែកក្រុមអ្នកគាំទ្រទាំងនោះវិញ ជាហេតុនាំឱ្យមានការរត់បែកខ្ញែកប្រសាចចែកជើងគ្នា។

ពីដំបូងឡើយអាជ្ញាធរឥណ្ឌូណេស៉ី បានរាយការណ៍ថា មនុស្សចំនួន១២៩នាក់បានស្លាប់ ក្នុងហេតុការណ៍ខាងលើ ប៉ុន្តែទន្ទឹមគ្នានោះដែរ មនុស្សប្រហែល១៨០នាក់ផ្សេងទៀត បានរងរបួស។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលាក្នុងតំបន់នៅឥណ្ឌូណេស៉ី) ទិន្នន័យពីទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយ នៃខេត្តជ្វាខាងកើត បានបង្ហាញថា ចំនួនអ្នកស្លាប់កើនដល់ ១៧៤នាក់។

គួរបញ្ជាក់ថា ពាក់ព័ន្ធហេតុការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៉ី បានសម្រេចប្រកាសឱ្យផ្អាករាល់ការប្រកួតដទៃៗទៀត នៃលីគបាល់ទាត់ក្នុងស្រុក ដែលគ្រោងធ្វើឡើង ព្រមទាំងឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឡើងវិញឱ្យល្អិតល្អន់ អំពីសណ្តាប់ធ្នាប់នៃការប្រកួតកីឡាបាល់ទាត់ នៅក្នុងប្រទេស ក៏ដូចជានីតិវិធីនៃការរក្សាសន្តិសុខកំលុងការប្រកួត៕