(អៅហ្កាឌូហ្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមបាតុករដែលពោរពេញដោយកំហឹង បាននាំគ្នាធ្វើសកម្មភាពវាយប្រហារទៅលើ ស្ថានទូតបារាំងប្រចាំនៅប្រទេសបួគីណាហ្វាសូ ដែលស្ថិតក្នុងតំបន់អាហ្វ្រិកខាងលិច ក្រោយពីក្រុមអ្នកគាំទ្ររដ្ឋប្រហារយោធាថ្មី បានចោទបារាំងថា ផ្តល់កន្លែងជ្រកកោណដល់ប្រធានាធិបតី ដែលទើបត្រូវផ្តួលរំលំចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ ផូលហិនរី ដាមីបា (Paul-Henri Damiba) ត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាច កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលវាមានរយៈពេលមិនដល់៩ខែនោះឡើយ បន្ទាប់ពីរូបលោកផ្ទាល់ ក៏បានដឹកនាំធ្វើរដ្ឋប្រហារយោធាផ្សេងមួយទៀត ក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ ផងដែរ។ ការអះអាងរបស់អ្នកនាំពាក្យរបបយោធាថ្មី កាលពីថ្ងៃសៅរ៍ម្សិលមិញ គឺជាមូលហេតុដែលបានបង្កឱ្យមានការខឹងសម្បារជាខ្លាំង កើតមានឡើងនៅរដ្ឋធានីអៅហ្កាឌូហ្គូ (Ouagadougou) របស់បួគីណាហ្វាសូ។
អ្នកនាំពាក្យខាងលើគឺលោក ហ្សង់ បាប់ទីស កាប្រេ (Jean Baptiste Kabre) បាននិយាយដូច្នេះថា «លោក ដាមីបា បានព្យាយាមដកថយទៅកាន់មូលដ្ឋានយោធាបារាំង កាមបូអ៉ីស៉ីន ដើម្បីរៀបចំការវាយបក ក្រោមគោលដៅបង្កភាពបែកបាក់ នៅក្នុងកងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខរបស់យើង»។ វីដេអូលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញ ក្រុមបាតុករកាន់គប់ភ្លើង នៅក្រៅស្ថានទូតបាំង ក្នុងទីក្រុងអៅហ្កាឌូហ្គូ ហើយរូបភាពមួយចំនួន បង្ហាញឱ្យឃើញ ផ្នែកខ្លះនៃបរិវេណស្ថានទូតរងការឆាបឆេះ។
គួរបញ្ជាក់ថា ឆ្លើយតបចំពោះអំពើហិង្សាខាងលើ ក្រសួងការបរទេសបារាំងបានចេញមុខថ្កោលទោស និងច្រានចោលជាផ្លូវការថា ទីក្រុងប៉ារីសមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ក្នុងព្រឹត្តិការណ៍ដែលបាននិងកំពុងបន្តកើតឡើង នៅក្នុងប្រទេសបួគីណាហ្វាសូ ហើយមូលដ្ឋានដែលកងទ័ពបារាំងឈរជើង ឬមួយក៏ស្ថានទូតបារាំង គឺមិនដែលផ្តល់កន្លែងជ្រកកោនឱ្យលោក ផូលហិនរី ដាមីបា ឡើយ។ ក្រសួងក៏បានទទូចឱ្យពលរដ្ឋបារាំង ព្យាយាមកុំចេញក្រៅកន្លែងស្នាក់នៅផងដែរ ចំពោះមុខស្ថានការណ៍ «ច្របូកច្របល់» នៅទីក្រុងអៅហ្កាឌូហ្គូ៕