(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ វេណេស៊ុយអេឡា បានដោះលែងពលរដ្ឋអាមេរិកចំនួន៧នាក់ រួមមានទាំងថ្នាក់ដឹកនាំក្រុមហ៊ុនប្រេង៥នាក់ផងដែរ ជាថ្នូរសម្រាប់ការដោះលែងសាច់ញាតិ២នាក់ របស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដែលជាប់ឃុំឃាំង នៅសហរដ្ឋអាមេរិក ក្រោមបទល្មើសគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
ការដោះដូរខាងលើនេះ រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនប្រេង ស៉ីតហ្គោ ផេត្រូលៀម (Citgo Petroleum) ដែលបានជាប់ឃុំឃាំងរយៈពេលរាប់ឆ្នាំ ហើយនិងអតីតយុទ្ធជនកងម៉ារីន លោក ម៉ាត់ស៊ូ ហ៊ែដ (Matthew Heath) ព្រមទាំងពលរដ្ឋអាមេរិកម្នាក់ទៀតឈ្មោះ អូស្មាន ខាន់ (Osman Khan)។ ពួកគេទាំងនេះត្រូវបានវេណេស៊ុយអេឡា ដោះលែងជាថ្នូរសម្រាប់ក្មួយ២នាក់ របស់ភរិយាលោក ម៉ាឌូរូ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៥។
យោងតាមការបង្ហើបឱ្យដឹងពីមន្រ្តីអាមេរិកម្នាក់ ដំណើរការដោះដូរអ្នកជាប់ឃុំឃាំងទាំងអស់នេះ បានប្រព្រឹត្តទៅនៅព្រលានយន្តហោះមួយកន្លែង នៃប្រទេសទី៣ ដែលពុំត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់ឡើយ បន្ទាប់ពីមានកិច្ចចរចាជាសម្ងាត់អស់រយៈពេលជាច្រើនខែ ជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលជាប់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងវិស័យថាមពលរបស់វេណេស៊ុយអេឡាផងដែរ។
គួរបញ្ជាក់ថា ចំពោះមុខសម្ពាធកាន់តែកើនឡើង បច្ចុប្បន្នទីក្រុងវ៉ាស៉ីនតោនកំពុងតែប្រឹងប្រែងបន្ថែម ដើម្បីស្វែងរកការផ្តល់សិទ្ធិសេរីភាពឡើងវិញ ឱ្យពលរដ្ឋអាមេរិករាប់សិបនាក់ ដែលបានជាប់ឃុំឃាំងនៅឯក្រៅប្រទេស។ ភាគច្រើននៃការផ្តោតសំខាន់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញបញ្ហានេះ គឺទៅលើតារាបាល់បោះអាមេរិក នាង ប៊្រីតនី ហ្ក្រាញណឺ (Brittney Griner) និងពលរដ្ឋអាមេរិកម្នាក់ទៀត គឺលោក ផូល វេលែន (Paul Whelan) ដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៉ី៕