(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទីក្រុងកំពង់ផែ អូដេសា (Odessa) នៃប្រទេសអ៊ុយក្រែន ហើយបានសន្យាថា ទីក្រុងបែរឡាំងនឹងបន្តផ្តល់ជំនួយយោធាថែមទៀត ដល់ទីក្រុងកៀវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស IRIS-T SLM។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។
ក្រោយជួបពិភាក្សាគ្នារួចជាមួយ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រេសនីកូវ (Aleksey Reznikov) លោកស្រី ឡាមប្រិច បាននិយាយថា «ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ យើងនឹងចាប់ផ្តើមការប្រគល់ប្រព័ន្ធមីស៉ីលការពារដែនអាកាសដ៏ទំនើបគឺ IRIS-T»។ ដំបូងឡើយអាល្លឺម៉ង់ បានសន្យាតាំងតែពីខែមិថុនាមកម្ល៉េះថា នឹងផ្តល់ប្រព័ន្ធ IRIS-T យ៉ាងហោច១គ្រឿង ដោយឥតគិតថ្លៃដល់អ៊ុយក្រែន ខណៈទីក្រុងកៀវមានបំណងចង់បានប្រហែលជាង១០គ្រឿង ដោយថែមទាំងបានដាក់សំណើ ទៅកាន់ក្រុមហ៊ុនផលិតពួកវា ដើម្បីទិញខ្លួនតែម្តងទៀតផង បើទោះបីជាយោធារបស់អាល្លឺម៉ង់ផ្ទាល់ មិនទាន់ទទួលបានប្រព័ន្ធនេះនៅឡើយក្តី។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈមក អាល្លឺម៉ង់បានផ្តល់សព្វាវុធស្មើនឹង ទឹកប្រាក់សរុបយ៉ាងហោចណាស់ ៧១១លានដុល្លារ ឱ្យទៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងការផ្តល់ជាច្រើនលើក នូវប្រព័ន្ធកាំភ្លើងយន្តប្រឆាំងយន្តហោះ ហ្គេផាដ (Gepard) ហើយនិងប្រព័ន្ធកាំភ្លើងធំហោវីតសឺ PzH 2000 ប៉ុន្តែមិនមានរថក្រោះ លីអូផាដ (Leopard) និងរថពាសដែក ម៉ាដឺ (Marder) ទំនើបៗ ដែលទីក្រុងកៀវទទូចចង់បាននោះឡើយ៕