(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ និងប្រហែល ១៨០នាក់បានរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីហ្វូងមនុស្សបានរត់ជាន់គ្នា ដែលនេះហាក់ជាគ្រោះមហន្តរាយ កើតមានឡើងនៅកីឡដ្ឋានដ៏អាក្រក់បំផុតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២។
មេប៉ូលិសខេត្តជា្វខាងកើត (East Java) បានឱ្យដឹងថា ក្រោយការប្រកួតបាល់ទាត់មួយ នៅខេត្តជា្វខាងកើត បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកគាំទ្រក្រុមដែលចាញ់ ការប្រកួតបានលុកលុយចូលទីលាន ជាហេតុនាំប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបង្កឱ្យមានការរត់ជាន់គ្នា ព្រមទាំងករណីនៃការថប់ដង្ហើម។
ចំណែកលោក Zainudin Amali រដ្ឋមន្ត្រីកីឡារបស់ប្រទេសឥណ្ឌូណេស៊ីបានប្រាប់ទូរទស្សន៍ KompasTV ថា ក្រសួងនឹងវាយតម្លៃឡើងវិញ នូវសុវត្ថិភាពក្នុងការប្រកួតបាល់ទាត់ រួមទាំងការពិចារណាមិនអនុញ្ញាតឱ្យមាន អ្នកទស្សនានៅក្នុងកីឡដ្ឋានផងដែរ៕