(វ៉ាស៉ីនតោន)៖ រដ្ឋផ្លរីដា, រដ្ឋខារ៉ូឡាញណាខាងជើង និងខាងត្បូង ត្រូវប្រឈមនឹងការបោសសម្អាតទ្រង់ទ្រាយធំក្រោយពីរងនូវការបំផ្លិចបំផ្លាញដោយព្យុះហឺរីខេន Ian ដែលបានវាយប្រហារសហរដ្ឋអាមេរិក ហើយបណ្តាលឲ្យមានការខូចខាតគិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ និងសម្លាប់មនុស្សជាង ២០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
មជ្ឈមណ្ឌលតាមដានព្យុះហឺរីខេន បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍នេះ Ian ដែលឥឡូវនេះជាព្យុះស៊ីក្លូនក្រោយត្រូពិច បានចុះខ្សោយឥទ្ធិពល ប៉ុន្តែនៅតែព្យាករណ៍ថានឹងនាំមកនូវលក្ខខណ្ឌដ៏អាក្រក់ដល់ផ្នែកខ្លះនៃរដ្ឋខារ៉ូឡាញណា (Carolinas) រដ្ឋវីជីនៀ (Virginia) និងវីជីនៀ ខាងលិច (West Virginia)។ ជំនន់ទឹកទន្លេដ៏សំខាន់នឹងបន្តឆ្លងកាត់កណ្តាលរដ្ឋផ្លរីដារហូតដល់សប្តាហ៍ក្រោយ ខណៈការជន់លិចក្នុងទីក្រុងតូចៗនៅតែស្ថិតក្នុងការព្រមាន។
ទាំងចំនួនអ្នកស្លាប់ និងតម្លៃនៃការស្តារឡើងវិញបន្ទាប់ពីព្យុះនៅតែមិនច្បាស់លាស់ទេ ប៉ុន្តែទំហំនៃការខូចខាតកំពុងតែលេចចេញជារូបរាងឡើងជាបណ្តើរៗ នៅពេលដែលព្យុះបោកបក់លើរដ្ឋផ្លរីដាបានឈានចូលថ្ងៃទី៣។
គួរបញ្ជាក់ថា ព្យុះហឺរីខេន Ian បានបង្កការជនលិចផ្លូវនិងបាក់រលំដើមឈើ ខណៈបង្គោលជាច្រើនត្រូវបានខូចខាត។
ផ្ទះ និងអាជីវកម្មប្រហែល ១.៧លាន គ្មានថាមពលប្រើប្រាស់នៅក្នុងរដ្ឋ Carolinas និង Florida គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)៕