(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានជួបពិភក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី ម៉េតតេ ហ្វ្រេដឺរ៉ីកសិន (Mette Frederiksen) នៅថ្ងៃសៅរ៍នេះ ហើយបានយល់ស្របដូចគ្នាថា «មានការបំផ្លិចបំផ្លាញ» ចំពោះបំពង់បង្ហូរឧស្ម័ន Nord Stream ព្រមទាំងពិភាក្សាគ្នាអំពីបញ្ហាថាមពលខ្យល់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា លោកស្រី ហ្រ្វេដឺរ៉ីកសិន បានធ្វើបច្ចុប្បន្នភាពជូននាយករដ្ឋមន្ត្រីអំពីការខូចខាតដែលបណ្តាលមកពីបំពង់បង្ហូរ Nord Stream កាលពីសប្តាហ៍មុន។ ពួកគេបានយល់ស្របថាឧប្បត្តិហេតុនេះច្បាស់ជាទង្វើនៃការបំផ្លិចបំផ្លាញ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មេដឹកនាំទាំងពីរក៏បានយល់ព្រមដូចគ្នាថាបញ្ហាសុវត្ថិភាព និងសន្តិសុខនៃតំបន់សមុទ្របាល់ទិក កំពុងស្ថិតក្រោមការយកចិត្តទុកដាក់ជាអន្តរជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលដាណឺម៉ាក និងស៊ុយអែត កាលពីសប្តាហ៍មុនបានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ចំនួន៤លើក នៃបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបណ្តាលឲ្យមានការលេចធ្លាយឧស្ម័នមេតានចូលទៅក្នុងសមុទ្របាល់ទិក។ រហូតមកដល់ពេលនេះ មូលហេតុនៃការផ្ទុះនៅមិនទាន់រកឃើញនៅឡើយ៕