(ម៉ាណាហ្កា)៖ រដ្ឋាភិបាលនៃប្រទេសនីការ៉ាហ្កា បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសហូឡង់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជុំវិញការចោទ ប្រកាន់ពី «ការលូកលាន់កិច្ចការផ្ទៃក្នុង» ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានប្រកាសថានឹងមិនអនុញ្ញាតឱ្យអគ្គរដ្ឋទូតអាមេរិកថ្មី ចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសនីការ៉ាហ្កា បានគូសបញ្ជាក់ដូច្នេះថា «នីការ៉ាហ្កា បានប្រឈមមុខនឹងការលូកលាន់កិច្ចការផ្ទៃក្នុងម្ដងហើយ ម្ដងទៀត ព្រមទាំងការប្រកាន់ជំហរអន្តរាគមនិយម និងអាណានិគមនិយមរបស់ហូឡង់ ដែលបានបំពានជាមួយការគំរាមកំហែង ក៏ដូចជាធ្វើឱ្យជាប់គាំងនៃការធ្វើ ការងារដើម្បីប្រយោជន៍រួម និងការទំនាក់ទំនង ដែលនេះតម្រូវឱ្យរដ្ឋាភិបាលរបស់យើងសម្រេចចិត្តផ្ដាច់ទំនាក់ទំនងការទូតជាបន្ទាន់»។
គួរបញ្ជាក់ថា មុននឹងការប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយហូឡង់ លោកស្រី រ៉ូសារីយ៉ូ មូរីយ៉ូ (Rosario Murillo) ដែលជាអនុប្រធានាធិបតី និងជាភរិយារបស់ លោកប្រធានាធិបតីនីការ៉ាហ្កា លោក ដានីញែល អ័រតេហ្កា (Daniel Ortega) បានប្រកាសដែរថានឹងមិនអនុញ្ញាតឱ្យអគ្គរដ្ឋទូតអាមេរិកថ្មី គឺលោក អ៊ុយហ្គូ រ៉ូទ្រីហ្គែស (Hugo Rodriguez) ចូលមកក្នុងប្រទេសនីការ៉ាហ្កាឡើយ។ លោក រ៉ូទ្រីហ្គែស ត្រូវបានរដ្ឋាភិបាលនីការ៉ាហ្កា ចោទប្រកាន់ថាមិនបានបង្ហាញការគោរព ក្រោយរូបលោកចាត់ទុក «នីការ៉ាហ្កាជារដ្ឋឯកោគ្មានអ្នករាប់រក ហើយហៅរដ្ឋាភិបាលរបស់លោក អ័រតេហ្កា ជារបបផ្ដាច់ការ»៕